រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តម អភិសន្តិបណ្ឌិតស សុខា បានសម្រេចផ្លាស់ប្តូរតំណែងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយត្រូវជំនួសដោយនាយរងនៃការិយាល័យនេះមួយរូប។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខបានបញ្ជាក់ថា លោកវរសេនីយ៍ឯក ដេ ម៉ៅដែលជានាយការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញនឹងត្រូវផ្ទេរទៅកាន់អនុប្រធាននាយកដ្ឋនគរបាលទេសចរណ៍ ខណៈដែលលោកវរសេនីយ៍ទោ ខាន់ សារឿន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងត្រូវទៅកាន់តំណែងជានាយការិយាល័យជំនួយលោក ដេ ម៉ៅ។

ពាក់ព័ន្ធនឹងការផ្លាស់ប្តូរតំណែងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិតទូច សុឃៈ (សុខៈ)បានបញ្ជាក់ថា គឺជារឿងធម្មតានៃការដឹកនាំចាត់ចែងមន្ត្រីរបស់ថ្នាក់ដឹកនាំ ក្នុងន័យប្រសិទ្ធភាពការងារ និងទៅតាមតម្រូវការចាំបាច់។លោកគួសបញ្ជាក់ដែរថា អតីតនាយការិយាល័យគឺលោក ដេ ម៉ៅ​កន្លងមកបានបំពេញការងាររបស់ខ្លួនទៅតាមតួនាទីនិងភារកិច្ចបានល្អប្រសើររួចមក ហើយប៉ុន្តែថ្នាក់ដឹកនាំមានតម្រូវការឲ្យលោកទៅបំពេញមុខងារផ្សេងនៅឯកក្រសួងវិញ។ ដោយឡែកសម្រាប់ នាយការិយាល័យថ្មី អ្នកនាំពាក្យរងរូបនេះ បានគួសបញ្ជាក់ថា ក៏ជាមន្ត្រីដែលមានសមត្ថភាពនិងមានបទពិសោធន៍មួយរូបខាងផ្នែកចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ៕

Share.