ក្រុមហ៊ុន​បាល់ទាត់ខេមបូឌានព្រីមៀរលីគ ដែល​គ្រប់គ្រង​ទៅ​លើ​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​កម្ពុជា Cambodian Premier League, Cambodian League Cup, Cambodian Super Cup និង Cambodian League 2 បាន​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​​ដល់​ក្លិប​ជា​សមាជិក​របស់​ខ្លួន​ហើយ ដើម្បី​ត្រៀម​ដំណើរការ​រដូវកាល​ថ្មី​ឆ្នាំ​២០២៤-២៥ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

បើ​តាម​សេចក្តី​ជូន​ដំណឹង​​របស់​ក្រុមហ៊ុន​ខេមបូឌានព្រីមៀរលីគ​ បាន​បញ្ជាក់​ថា​កាលបរិច្ឆេទ នៃ​ការ​ផ្ទេរ​កីឡាករ​ជាតិ ​និង​កីឡាករ​អន្តរជាតិ​លើក​ទី​១ មាន​រយៈ​ពេល​២ខែ ពោល​គឺ​ក្លិប​ទាំង​អស់​ជា​សមាជិក​អាច​ចុះ​ឈ្មោះ ឬ ដក​កីឡាករ​ចេញ​ពី​ក្រុម​របស់​ខ្លួន ជា​ផ្លូវការ​ ចាប់ផ្តើមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដល់​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

កាល​ពី​រដូវកាល​ចាស់​កន្លង​ទៅ​ក្រុមហ៊ុន​ខេមបូឌានព្រីមៀរលីគ បាន​អនុញ្ញាតិ​ឱ្យ​ក្លិប​ជា​សមាជិក​អាច​ចុះ​បញ្ជី​កីឡាករ​យ៉ាង​តិច​ចំនួន​១៨​នាក់ និង​យ៉ាង​ច្រើន​៣៥​នាក់ ដោយ​ក្នុង​នោះ​អនុញ្ញាត​ឱ្យ​ក្លិប​នីមួយៗ​ប្រើប្រាស់​កីឡាករ​បរទេស​បាន​ចំនួន​៦នាក់ ក្នុង​នោះ​ដាច់​ខាត​១នាក់​ជា​ពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន (ASEAN Quota) ១រូប​ជា​ពលរដ្ឋ​ក្នុង​ទ្វីប​អាស៊ី (AFC Quota) និង​៤នាក់​ផ្សេង​ទៀត​​ជា​កីឡាករ​មក​ពី​ប្រទេស​សមាជិក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA Quota)។

សមាជិក​របស់ក្រុមវិសាខា គោរពទៅកាន់អ្នកគាំទ្រ​នាពេលកន្លងទៅ (រូបភាព៖ Visakha FC)

​ការ​ផ្ទេរ​កីឡាករ​ជាតិ ​និង​កីឡាករ​អន្តរជាតិ​លើក​ទី​២ ពោល​គឺ​នៅ​ពាក់កណ្តាល​រដូវកាល ក្លិប​ជា​សមាជិក​អាច​ដោះដូរ​​កីឡាករ​ជា​ពលរដ្ឋ​ខ្មែរ​បាន​ចំនួន ៦រូប និង​កីឡាករ​អន្តរជាតិ (FIFA) ចំនួន​៣រូប។

តើ​ចង់​ឱ្យ​ក្លិប​ដែល​អ្នក​គាំទ្រ​នាំ​ចូល​កីឡាករ​រូប​ណា​ខ្លះ?

Share.