ញូវយ៉ក៖ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅពេលដែលគណៈវិនិច្ឆ័យទីក្រុងញូវយ៉ក បានរកឃើញថា លោកមានពិរុទ្ធពីបទក្លែងបន្លំឯកសារ ដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់តារាអាសអាភាស មិនឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទ នៅមុនការបោះឆ្នោតកាលពីឆ្នាំ២០១៦។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។

បន្ទាប់ពីការពិភាក្សារយៈពេលជាង ២ថ្ងៃ គណៈវិនិច្ឆ័យទីក្រុញូវយ៉ក ដែលមានសមាជិក ១២នាក់ បានប្រកាសថា លោក ត្រាំ មានពិរុទ្ធក្នុងបទល្មើសព្រហ្មទណ្ឌចំនួន ៣៤ករណី ដែលលោក រងការចោទប្រកាន់។

លោក ត្រាំ បានសម្លឹងមើលក្រុមចៅក្រមដោយមិនសប្បាយចិត្ត នៅពេលគណៈវិនិច្ឆ័យប្រកាសសាលក្រមជាឯកច្ឆ័ន្ទ។

ទន្ទឹមនោះ លោកចៅក្រម Juan Merchan បានកំណត់ការកាត់ទោសនៅថ្ងៃទី១១ ខែកក្កដា ប៉ុន្មានថ្ងៃមុនគណបក្សសាធារណៈរដ្ឋគ្រោងនឹងតែងតាំងលោក ត្រាំ ជាប្រធានាធិបតីតំណាងបក្សរបស់ខ្លួនជាផ្លូវការ មុនការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក ចាប់ផ្ដើមនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។

បទល្មើសព្រហ្មទណ្ឌនៃការក្លែងបន្លំឯកសារអាជីវកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមាចំនួន ៤ឆ្នាំ ទោះបីជាអ្នកដែលត្រូវបានកាត់ទោស តែងតែទទួលបានការបន្ធូរបន្ថយទោស ការផាកពិន័យជាប្រាក់ ឬអាចនៅក្រៅឃុំជាបណ្ដោះអាសន្នក៏ដោយ។

យ៉ាងណាម៉ិញ ការជាប់ឃុំនឹងមិនបានរារាំងផ្លូវច្បាប់ លោក ដូណាល់ ត្រាំ ពីការឃោសនាបោះឆ្នោត ឬចូលកាន់តំណែងឡើយ ប្រសិនបើលោក ឈ្នះឆ្នោតជាថ្មី លោក ត្រាំ នឹង​មិន​ជាប់ពន្ធនាគារ មុន​ការ​កាត់​ទោសទេ។

យ៉ាងណាក៏ដោយ លោក ត្រាំ វ័យ ៧៧ឆ្នាំរូបនេះ បានបដិសេធថា លោក មិនបានប្រព្រឹត្តខុសអ្វីទាំងអស់ ខណៈមេធាវីរបស់លោក ថា នឹងប្ដឹងជំទាស់ទៅនឹងគណៈវិនិច័្ឆយទីក្រុងញូវយ៉ក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សូមជម្រាបថា រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ៣៤ករណី ពាក់ព័ន្ធនឹងការសំណុំរឿងក្លែងបន្លំឯកសារ ក្រុមហ៊ុន ដើម្បីលាក់បាំងការចាយលុយបំបិទមាត់តារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទរវាងអ្នកទាំង២ សំដៅកុំឱ្យប៉ះពាល់យុទ្ធនាការ ឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕ 

ប្រភព៖ CNA

Share.