អង្គការសន្និសីទពុទ្ធសាសនាពិភពលោក តំណាងអ្នកកាន់ព្រះពុទ្ធសាសនា ពិភពលោកចំនួន៥១ប្រទេស ថ្វាយគោរមងារកិត្តិយសជាកិច្ចបច្ឆាមរណៈ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិតទេវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នូវគោរមងារកិត្តិយស “មហាវីរសង្ឃសិរីធម្មរាជ”។

ពិធីនេះប្រព្រឹត្តទៅដោយមានការនិមន្តនិងអញ្ជើញជាអធិបតីពីសំណាក់ ៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា , ព្រះតេជគុណ បណ្ឌិត សុិនកៃ គូរី ប្រធានអង្គការសន្និសីទពុទ្ធសាសនាពិភពលោក, គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា , ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ , ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរម ,ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា , ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន , និងគណៈប្រតិភូតំណាងអ្នកកាន់ព្រះពុទ្ធសាសនា ពិភពលោកចំនួន៥១ប្រទេសដែលនិមន្តនិងអញ្ជើញមកពីប្រទេស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ុងហ្គោលី វៀតណាម ស្រីលង្កា និងសហរដ្ឋអាមេរិក ,ព្រមទាំង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័នផ្សេងៗ នៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព ។ គោរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់ជា “មហាវីរសង្ឃសិរីធម្មរាជ” ថ្វាយចំពោះ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិតទេវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ពីអង្គការសន្និសីទពុទ្ធសាសនាពិភពលោក នាឱកាសនេះពិតជាស័ក្តិសមទៅនឹងព្រះគុណបំណាច់ ព្រះកិត្តិយស និងព្រះមហាករុណទិគុណដ៏ធំធេង របស់សម្តេចព្រះអម្ចាស់ ដែលស្ទើរតែពេញមួយព្រះជន្មាយុ របស់ព្រះអង្គបានលះបង់បំរើ ជាតិ សាសនា និងព្រះមហាក្សត្រ ទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា ដរាបបានក្លាយជា ព្រះនិមិត្តរូបដ៏ល្អបរិសុទ្ធឧត្តុងឧត្តម នៃឯកភាពជាតិ និងនិរន្តរភាពជាតិ ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការថ្វាយព្រះគោរមងារកិត្តិយសនេះ មិនត្រឹមតែជាការថ្វាយព្រះកិត្តិយស ចំពោះសម្តេចជាអម្ចាស់ប៉ុណ្ណោះទេ និងជាមោទនភាពសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័កនិង ប្រជាជនកម្ពុជាផងដែរ។  ជាមួយគ្នានេះការសម្រេចថ្វាយ ថ្វាយព្រះគោរមងារកិត្តិយសនេះ ក៏ជាការទទួលស្គាល់នូវព្រះតួនាទីរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិតទេវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាសមាជិកស្ថាបនិក និងជាព្រះអនុប្រធាននៃជំនួបកំពូលពុទ្ធសាសនា ដែលសម្តេចបានយាងក្នុងជំនួបលើកដំបូងក្នុងទីក្រុងតូក្យូ បហរទេសជប៉ុន នាឆ្នាំ១៩៩៨ ។ព្រះរាជសក្ខីកម្មជាវិជ្ជមានដ៏មហានក្ខត្តឫក្ស នៃពិធីថ្វាយគោរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា “មហាវីរសង្ឃសិរីធម្មរាជ” ថ្វាយចំពោះ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិតទេព វង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាការរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតនៃការបាត់បង់នូវមហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុងឧត្តមនៃប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា  ដោយពេញមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់អស់ព្រះកាយពល  ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានតែងតាំងជា សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្ថជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងធំធេងកសាងសមិទ្ធផលនានាក្នុងសង្គម និងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ពិសេសព្រះអង្គធ្វើពលិកម្មគ្រប់បែបយ៉ាងបូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕

Share.