« មន្ត្រីរាជការ គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ » នេះជាប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន ដែលតែងតែរំលឹកទៅដល់មន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ជារឿយៗនៅពេលដែលសម្តេចកាន់តំណែងជានាយករដ្ឋមន្ត្រីជាច្រើនអាណត្តិកន្លងទៅ។ ជាការកត់សម្គាល់ ប្រសាសន៍ដាស់តឿនក្រើនរំលឹកដ៏ថ្លៃថ្លា របស់ សម្តេចតេជោនេះ ពិតជាបានធ្វើឲ្យមានការកែប្រែឥរិយាបថបំពេញការងារ របស់មន្ត្រី នៅ តាមស្ថាប័ននានាជាច្រើនទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ពិសេសតាមរយៈការទទួលយកនូវអភិក្រមទាំង៥របស់សម្តេច(ឆ្លុះកញ្ចក់-ងូតទឹក- ដុសក្អែល -ព្យាបាល- វះកាត់) មកអនុវត្ដនៅក្នុងស្ថាប័ននានាដើម្បីជំរុញកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពការងារ របស់មន្ដ្រីរាជការនានា។

បើទោះជាបែបនេះក្តី ក៏គេសង្កេតឃើញថា រហូតមកដល់អាណត្តិរាជរដ្ឋាភិបាលបន្តវេន ក្រោម ការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនេះ ក៏នៅតែមានមន្ត្រីនៅតាម អង្គភាព ទាំងនៅ ថ្នាក់ជាតិនិងក្រោមជាតិមួយចំនួនហាក់នៅតែ បញ្ចេញឥរិយាបទជាចៅហ្វាយ រាស្ត្រ នៅឡើយ ហើយថែមទាំងព្រងើយកន្តើយនៅក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋរួមទាំងបង្កនីតិវិធីស្មុគស្មាញថែមទៀត។ឥរិយាបទអវិជ្ជមានទាំងអស់នោះ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្តនិងរអួររទាំងជាបន្តបន្ទាប់។

តើហេតុអ្វីបានជាចំណុចអសកម្មទាំងអស់នោះនៅតែកើតឡើង ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងតែយកចិត្តទុកដាក់ធ្វើកំណែទម្រង់លើគ្រប់វិស័យពិសេសលើកកម្ពស់វិស័យសេវារដ្ឋបាលសាធារណៈ?

ដើម្បីអាចឆ្លើយទៅនឹងសំណួរនេះ យើងគប្បីសិក្សាទៅលើគុណសម្បត្តិនៃឥរិយាបថ របស់មន្ត្រីរាជការដែលត្រូវបានផ្សព្វផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីតាំងពីឆ្នាំ២០០៩មកម្លេះ។ ក្នុងកូនសៀវភៅដែលត្រូវបានផ្សព្វផ្សាយដោយ ទីស្តីការគណៈរដ្ឋមន្ត្រីដែលនៅពេលនោះស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចសុខ អានបានរំលេចឡើងនូវគុណសម្បត្តិទាំង៤យ៉ាង របស់មន្ត្រីរាជការដែលរួមមាន ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈនិង វប្បធម៌សេវាសាធារណៈ។

ទី១.ឆន្ទៈម្ចាស់ការ
ឆន្ទៈបម្រើការងារនេះគឺផ្តើមចេញពីបុគ្គលឬក្រុមមិនមែនជាកត្តាកំណត់ ឬជាការចាប់បង្ខំនោះទេ។ទឹកចិត្តស្រឡាញ់ការងារ ការមានគំនិតផ្តួចផ្តើមនិងច្នៃប្រឌិត ការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម។ល។ទាំងគឺជាកត្តាដែលបង្ហាញថា មន្ត្រីរាជការបំពេញការងាររបស់ខ្លួនប្រកបដោយឆន្ទៈម្ចាស់ការ។

ទី២.ភក្តីភាព

ភក្តីភាពគឺជាសេចក្តីត្រូវការដែលមនុស្សក្នុងសង្គមអរិយធម៌ត្រូវតែប្រកាន់ខ្ជាប់ ដើម្បីលើកតម្កើង កិត្តិយស និងសេចក្តីថ្លៃថ្នូរ ទាំងក្នុងនាមបុគ្គលនិង ក្នុងនាមស្ថាប័ន ដែលខ្លួនកំពុងបម្រើការងារផង ។ ភក្ដីភាពនេះ ទោះបីជាពុំមានចែងនៅក្នុងច្បាប់ឬបញ្ញត្តិ ផ្សេងៗ ឬក៏ជាកាតព្វកិច្ចក៏ដោយ ក៏នេះគឺជាសុជីវធម៌ និងសីលធម៌ដែលជាគុណតម្លៃខាង ចរិយាធម៌របស់ មនុស្ស ភក្តីភាពនេះបង្ហាញឱ្យឃើញឡើងតាមរបៀប នៃការគិត ការប្រតិបត្តិរបស់បុគ្គលនីមួយៗ ដែល សកម្មភាពទាំងនេះស្តែងចេញនូវសេចក្ដីថ្លៃថ្នូរ ការ ទទួលខុសត្រូវ និងផលប្រយោជន៍របស់អង្គភាព និងវិជ្ជាជីវៈខ្ពស់ក្នុងពោលដៅធ្វើឱ្យ អង្គភាពរីកចម្រើន។ រាជការទាំងអស់ ត្រូវបង្ហាញឱ្យឃើញថា ខ្លួនមាន សត្ថភាពក្នុង វិជ្ជជីវៈជានរាយក្នុងការប្រតិបត្តិមុខងារបស់ខ្លួន។

ជាមន្ត្រីរាជការត្រូវមានភក្តីភាពទាំងចំពោះស្ថាប័ន មានភក្តីភាពចំពោះវិជ្ជាជីវៈនិងត្រូវមាន ភក្តីភាពចំពោះប្រជាពលរដ្ឋ។ភក្តីភាពចំពោះប្រជាពលរដ្ឋមានន័យថា មន្ត្រីរាជការត្រូវធានា រ៉ាប់រងនូវរាល់ការផ្តល់សេវានានាដែលអង្គភាព ឬថ្នាក់ដឹកនាំប្រគល់ជូនឲ្យឬ ចាត់តាំងឲ្យ អនុវត្ត។ក្រៅពីបំពេញកាតព្វកិច្ចក្នុងក្របខណ្ឌនៃសមត្ថកិច្ចរបស់ខ្លួន មន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវប្បធម៌ អ្នកផ្តល់សេវានិងអ្នកប្រើប្រាស់សេវា ” ពីព្រោះប្រជាពលរដ្ឋគឺជា

អតិថិជនជាប្រចាំ ដែលផ្សារភ្ជាប់ទៅនឹងសកម្មភាពការងាររបស់មន្ត្រីរាជការគ្រប់រូប ទោះដោយចំពោះឬដោយមិនចំពោះក្តី ។ មន្ដ្រីរាជការគ្រប់រូបត្រូវយកចិត្តទុកដាក់ចំពោះ ការងាររបស់ខ្លួន និងផ្តល់អាទិភាពទៅលើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់សេវា។

ទី៣.មនសិកាវិជ្ជាជីវៈ

មន្ត្រីរាជការទាំងអស់ សុទ្ធតែស្ថិតនៅក្រោម ការគ្រប់គ្រងនៃច្បាប់និងបទប្បញ្ញត្តិផ្សេងៗ រៀងៗខ្លួន ទោះជានៅបម្រើការងារក្នុងវិស័យណា(ឧទាហរណ៍មន្ត្រីរាជការស៊ីវិលត្រូវ ស្ថិតនៅ ក្រោមការគ្រប់គ្រងនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌនីមួយៗ) ។ ថែមពីលើនេះទៀត នៅក្នុងវិជ្ជាជីវៈរបស់ខ្លួន មន្ត្រីរាជការក៏ត្រូវមានកាតព្វកិច្ចគោរពច្បាប់ដទៃទៀតរបស់រដ្ឋផងដែរ ក្នុងនាមខ្លួនជាពលរដ្ឋម្នាក់ ។

ដើម្បីបំពេញវិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អ មន្ត្រីរាជការគ្រប់រូបត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចនានាដែលបានកំណត់នៅក្នុងច្បាប់និងបញ្ញត្តិផ្សេង។ នៅក្នុងផ្នែកនេះ មានចំណុចតូចរហូតដល់ទៅ១៥ចំណុចដែលត្រូវបានលើកឡើងបង្ហាញនៅក្នុងកូនសៀវភៅណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនោះ។ចំណុចសំខាន់ៗរួមមាន ការខិតខំប្រឹប្រែងបំពេញការងារដោយប្រើប្រាស់មធ្យោបាយដែលមាន មានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួន ការគោរពវិន័យ គោរពម៉ោងការងារជាដើម។

ទី៤.វប្បធម៌សេវាសាធារណៈ

ដោយយកបទពិសោធតាមវិស័យឯកជនដែលចាត់ទុកអតិថិជនគឺជាស្តេច មន្ត្រីរាជការ នៅក្នុងវិស័យរដ្ឋបាលសាធារណៈរបស់រដ្ឋ ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ទៅ លើសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ និងកែប្រែ របៀបរបបនៃការ បំពេញ ការងារ ក្នុងគោលបំណង បម្រើប្រជាពលរដ្ឋឱ្យបាន កាន់តែល្អប្រសើរឡើង តាមរយះការ ប្រែក្លាយខ្លួនឱ្យ ទៅជា “អ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព ” ។

បើពិនិត្យទៅលើចំណុចសំខាន់ជាគោលទាំង៤យ៉ាងពាក់ព័ន្ធនឹងគុណសម្បត្តិរបស់មន្ត្រីរាជការដែលបានបង្ហាញនៅក្នុងកូនសៀវភៅរបស់ទីស្តីការគណៈរដ្ឋមន្ត្រីរួចប្រៀបធៀបទៅនឹងការអនុវត្តជាក់ស្តែងរបស់មន្ត្រីរាជការបច្ចុប្បន្នយើងឃើញថា នៅមានមន្ត្រីជាច្រើនមិនទាន់ អនុវត្តបានពេញលេញទៅតាមការណែនាំនោះនៅឡើយ។ហេតុដូច្នេះហើយទើបបានជា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមានការក្តៅក្រហាយ មិនសប្បាយចិត្តនិងអ្នកខ្លះបានស្វែង រកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំកំពូលក៏មាន។

បើសិនជាមន្ត្រីនៅតែពុំព្រមចូលរួមអនុវត្តឲ្យបានពេញលេញទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន គ្មានមនសិការវិជ្ជាជីវៈ ហើយថ្នាក់លើនៅតែបន្តការយោគយល់ តើចក្ខុវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈដែលបានកំណត់ថា នឹងធ្វើឲ្យរដ្ឋបាលសាធារណៈស្អាតស្អំ ខ្លាំង រឹងមាំនិងផ្តោតលើប្រជាជនជាស្នូល នោះ នឹងសម្រេចបានដោយរបៀបណា?

Share.