ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកណ្តាល ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៣០នាទី បានចុះស្រាវជ្រាវ រហូតឈានទៅបង្ក្រាបករណីរក្សារទុក ជួញដូរ និងកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀនចំនួនពីរទីតាំង ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ៣២២ ផ្លូវបេតុង ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទីតាំងទី២ នៅខុនដូរដឺប្លេស បន្ទប់លេខ៩១០ ជាន់ទី៩ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្រ្កាប កម្លាំងជំនាញចាប់ខ្លួនជនល្មើស០៤នាក់៖​ ទី១.ឈ្មោះ សា រ៉ហ្សាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។ ទី២.ឈ្មោះ សា ម៉ាត់សាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។ ទី៣.ឈ្មោះ ហៃ សុខា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។ ទី៤.ឈ្មោះ សៅ សុវណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ។ ព្រមទាំងដកហូត គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(MDMA) ទម្ងន់ ១៤៩៤៥,៧១ ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY) ទម្ងន់ ៨៥,៦៤ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICY) ទម្ងន់ ១០៤៨,៦០ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៦៦,៧០ក្រាម, សារធាតុគីមីផ្សំ ទម្ងន់សរុប ៦៨៦៨៧១,៥២ក្រាម (៦៨៥គីឡូ ៣៧១,៥២ក្រាម សរុបទាំងអស់ទម្ងន់ ១៦១៤៦,៦៥ក្រាម (១៦គីឡូ ១៤៦,៦៥ក្រាម) និងឧបករណ៍ សម្ភារ:ផលិតមួយចំនួនធំ។

បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សេង សាវី

Share.