សិល្បៈជាតិ៖ ជារឿងគួរឱ្យកត់សម្គាល់មួយដែរនៅក្នុងចង្កោមនៃវិស័យប្រកួតសម្រស់លំដាប់បវរកញ្ញានៅប្រទេសកម្ពុជា ដែល ៥ឆ្នាំចុងក្រោយមកនេះ ស្ថាប័នស្រីស្អាត Miss Grand Cambodia បានបញ្ចេញតម្លៃមកុដខ្ពស់ៗពីខ្ទប់រាប់សិបម៉ឺនដុល្លារ រហូតដល់លានដុល្លារ ដែលមើលទៅកាន់តែអស្ចារ្យមិនអាចកាត់ថ្លៃបាន និងដើម្បីប្រជែងយកខ្លាំងក្នុងវិស័យប្រកួតសម្រស់នៅកម្ពុជា។

នៅក្នុងវីដេអូព័ត៌មាននេះ សារព័ត៌មានត្រយងនឹងនាំអារម្មណ៍ប្រិយមិត្តដែលគាំទ្រការប្រកួត Miss Grand នៅក្នុងប្រទេសកម្ពុជា មករំលឹកអំពីតម្លៃមកុដតាមឆ្នាំនីមួយៗដែលមានភាពលេចធ្លោរ ឬធ្វើឱ្យហ្វេនអ្នកគាំទ្រលាន់មាត់ថា WOW ពីមួយឆ្នាំទៅមួយឆ្នាំរយៈពេល ៥ ឆ្នាំចុងក្រោយនេះ៖

១- Miss Grand Cambodia ឆ្នាំ ២០២០

ដំបូងឡើយការប្រកាសជាផ្លូវការ Miss Grand Cambodia ឆ្នាំ ២០២០ គឺបានរៀបចំឱ្យម្ចាស់តំណែងលំដាប់ជ័យលាភីគ្រងនូវមកុដមាសតម្លៃ ៣ ម៉ឺនដុល្លារ ដែលនៅគ្រានោះ គឺជាតម្លៃមកុដដែលរាប់ទុកថាថ្លៃបំផុតនៅក្នុងការប្រកួតសម្រស់។ ជាមួយគ្នានោះ កញ្ញា លីវ ជាលី ដែលត្រូវបានបំពាក់មកុដមួយនេះ និងបានទទួលតំណែងតំណាងឱ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។ តែក្រោយមកក៏មានការផ្លាស់ប្ដូរមកុដជាថ្មី ដោយកញ្ញាទទួលបានមកុដមានដាំត្បូងពេជ្រថ្មីសន្លាងមានតម្លៃទៅ ៥ ម៉ឺនដុល្លារ។

២- Miss Grand Cambodia ឆ្នាំ ២០២១

ដោយអំឡុងឆ្នាំ ២០២១ ប្រទេសកម្ពុជាបន្តរងនូវវិបត្តិកូវីដ ១៩ ទើបជាហេតុធ្វើឱ្យការប្រកួត Miss Grand Cambodia ជួបបញ្ហាលំបាកបន្តិច។ ពេលនោះ តម្លៃមកុដសម្រាប់ឆ្នាំ ២០២១ ក៏មិនឃ្លាតឆ្ងាតគ្នាពីឆ្នាំមុនប៉ុន្មានដែរ គឺមានតម្លៃ ៣ម៉ឺន ៥ ពាន់ដុល្លារ។ តួ​មកុដ​ធ្វើ​អំពី​ផ្លាក​ទីន​ទឹក​ប្រាំពីរ លម្អដោយ​រចនាបថ​ក្បាច់​ប្រាសាទអង្គរវត្ត រចនាប្រើ​ពេជ្រ​សុទ្ធ​ទឹកD ៧លីកន្លះចំនួន ៥គ្រាប់ និង​ពេជ្រ ៣លីចំនួន៥០០គ្រាប់ រួមទាំងត្បូងទទឹម​បរ​ប៉ៃលិន​ចំនួន៥០គ្រាប់​ ដែល​មាន​ទឹក​ក្រហម​ក្រមៅ​ចាស់​ ​បាន​រក្សា​ទុក​តាំង​ពី​ឆ្នាំ១៩៨៦។ ហើយមកុដមួយនេះគ្រងដោយកញ្ញា ប៉ូ គីមថេងសុតធីតា។

៣- Miss Grand Cambodia ឆ្នាំ ២០២២

បន្ទាប់ពីស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឬ Miss Grand Cambodia បានប្រគល់មកុដមាសដែលមានតម្លៃ ៣ម៉ឺន ៥ ពាន់ដុល្លារ ជូនបវរកញ្ញា ប៉ូ គឹមថេងសុតធីតា ជាកម្មសិទ្ធិផ្ទាល់ខ្លួននៅទី ៧ ខែឧសភា ឆ្នាំ ២០២២ ហើយនោះ ស្ថាប័នស្រីស្អាតមួយនេះ បានបន្តបង្ហាញជូនមកុដថ្មីដ៏អស្ចារ្យតម្លៃ ២៥ ម៉ឺនដុល្លារ សម្រាប់បេក្ខភាពបវរកញ្ញាជ័យលាភីនៅឆ្នាំ២០២២នោះ ដែលមានកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ជាម្ចាស់គ្រងមកុដមួយនេះ។

៤- Miss Grand Cambodia ឆ្នាំ ២០២៣

ចូលមកដល់ការប្រកួត Miss Grand Cambodia ឆ្នាំ ២០២៣ ដែលធ្វើឡើងក្រោមការគ្រប់គ្រងរបស់លោកស្រី អ៊ឹម សុគន្ធា គឺពិតធ្វើឱ្យហ្វេនអ្នកគាំទ្រលាន់មាត់ជាថ្មីម្ដងទៀត ដោយមកុដសម្រាប់ម្ចាស់ជ័យលាភីឆ្នាំ ២០២៣ គឺមានតម្លៃដល់ទៅ ២៧ ម៉ឺនដុល្លារ ដែលបានបង្ហាញថា ការប្រកួត Miss Grand Cambodia កាន់តែសម្ញែងទំហំទឹកប្រាក់លើតម្លៃមកុដដែលផ្ដល់ជូនបេក្ខភាពចូលរួមប្រកួត។

មកុដនោះត្រូវបានឱ្យឈ្មោះថា EMPIRE OF CULTURE ឬ អាណាចក្រនៃវប្បធម៌ ដែលមកុដបានរំលេចនូវភាពច្នៃប្រឌិត ដោយផ្អែកលើ រចនាបទ្ន័បែបបុរាណខ្មែរលាយឡំជាមួយម៉ូតបែបសហសម័យ និងបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅដែលកាន់តែអស្ចារ្យមិនអាចកាត់ថ្លៃបាន។ តួមកុដទាំងមូលបានធ្វើឡើងពីមាស ទឹកប្រាំពីរ និង ដាំនូវពេជ្រ និង ត្បូង ធម្មជាតិ រាប់ពាន់គ្រាប់ទៀតផង។ យ៉ាងណាមិញ មកុដតម្លៃ ២៧ ម៉ឺនដុល្លារនេះ បានបំពាក់ឱ្យកញ្ញា ភឹម ស្រីនោ គ្រងជាម្ចាស់មកុដ និងតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតនៅឆាកអន្តរជាតិ។

៥- Miss Grand Cambodia ឆ្នាំ ២០២៤

កាន់តែអស្ចារ្យថែមមួយកម្រិតទៀតហើយ សម្រាប់ឆ្នាំ ២០២៤នេះ មកុដ Miss Grand Cambodia ដ៏ចែងចាំងថ្មីសន្លាងបំផុត ត្រូវបានបំផុសឡើងនូវគំនិតជារូបរាងសត្វហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្រ ប្រកបដោយក្បាច់រចនាបែបខ្មែររំលេចឡើងដោយគ្រាប់ពេជ្ររាប់ពាន់ស័ក្ដសមធ្វើឱ្យតួរូបរាងមកុដទាំងមូលមានអំណាចពិតៗ និងអស្ចារ្យបំផុតសម្រាប់ម្ចាស់ក្សត្រីថ្មីនៅក្នុងឆ្នាំនេះ។ តាមការប្រកាសប្រាប់របស់លោកស្រី អ៊ឹម សុគន្ធា ឱ្យដឹងថា មកុដ Miss Grand Cambodia ២០២៤ នេះមានតម្លៃដល់ទៅ ១ លានដុល្លារ ដែលទទួលបានព្រះមហា​កតិ្តយសថ្លៃវិសេសឧត្តុងឧត្តមពីព្រះនាងតូច នរោត្តម ជេនណា ប្រគល់ជូនទៅកាន់អ្នកស្រី អ៊ឹម សុគន្ធា ជា National Director of Miss Grand Cambodia ។

ដោយឡែក កម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៤នេះ បានធ្វើការប្រកួតតាមលំដាប់លំដោយនៃទម្រង់វិញ្ញាសារបស់កម្មវិធីតាំងពីប្រកួតវគ្គបឋម រហូតដល់ជិតឈានដល់វគ្គប្រកួតឈុតតំណាងជាតិហើយ។ ក្នុងនោះ គេសង្កេតឃើញថា ឆ្នាំនេះមានបេក្ខភាពស្រីស្អាតពេញដោយសមត្ថភាពជាច្រើននាក់បានសម្រុកបង្ហាញសមត្ថភាពភាពខ្លាំង និងភាពលេចធ្លោរ​រៀងៗខ្លួន ដើម្បីស្រូបទាញយកអ្នកគាំទ្រ។ ការប្រកួតប្រជែងដ៏ក្ដៅគគុកនៅក្នុងឆ្នាំ ២០២៤នេះ ម្នាក់ៗគ្នានឹងរង់ចាំអ៊ុតមើលថា តើបេក្ខនារីរូបណាដែលនឹងក្លាយជាម្ចាស់មកុដតម្លៃរាប់លានដុល្លារដ៏អស្ចារ្យមួយនេះ?

Share.