ក្លិប​បាល់ទាត់​វិសាខា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៤ បាន​ប្រកាស​នាំ​ចូល​សមាជិក​ថ្មី​ក្នុង​កូតា​កីឡាករ​បរទេស ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​ក្នុង​ពានរង្វាន់​នានា រដូវកាល​ថ្មីៗ​ឆ្នាំ​២០២៤-២៥ ខាង​មុខ នោះ​គឺ​ខ្សែ​បម្រើ​ប្រយុទ្ធ​ជនជាតិ​កូរ៉េខាងត្បូង Park Jung-bin ដែល​ធ្លាប់​មាន​បទពិសោធន៍​ច្រើន​នៅ​តំបន់​អឺរ៉ុប ព្រម​ទាំង​ធ្លាប់​ជួយ​កូរ៉េខាងត្បូង ឡើង​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ថែម​ទៀត​ផង។

កីឡាករ Park Jung-bin ធ្លាប់​ជា​យុវជន​ថ្នាល​ក្លិប៖
*Bongdong Elementary School (봉동초등학교, 2004),
*Chunnam Dragons U12 (광양제철남초등학교, 2005-2006),
*Chunnam Dragons U15 (광양제철중학교, 2007-2009),
*Chunnam Dragons U18 (광양제철고등학교, 2010),
*VfL Wolfsburg (2010-2012)

នៅ​ឆ្នាំ​​២០១៣ ជា​ពេល​ដែល​កីឡាករ Park Jung-bin ទទួល​បាន​កុងត្រា​ជា​កីឡាករ​អាជីព​ជាមួយ​ក្លិប Wolfsburg II ក្រោយ​ជួយ​ក្រុម Wolfsburg U19 ឈ្នះ​ជើង​ឯក​ Under 19 Bundesliga នៅ​រដូវកាល​២០១២-១៣។ នៅ​អាល្លឺម៉ង់ រូប​គេ​ក៏​ធ្លាប់​ជា​សមាជិក​ក្រុម Greuther Fürth និង​Karlsruher SC ផងដែរ។

រហូត​ដល់​ឆ្នាំ​២០១៥ កីឡាករ​រូប​នេះ​បាន​ចេញ​ពី​អាល្លឺម៉ង់ ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​ដាណឺម៉ាក ដោយ​ចូលរួម​ជាមួយ​ក្រុម Hobro IK និង​បន្ត​ទៅ​ក្រុម Viborg FF។ ដល់​ឆ្នាំ​២០១៩ រូប​គេ​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​ស្វីស ជាមួយ​ក្រុម Servette FC។

ដំណាច់​ឆ្នាំ​២០២០ Park បាន​ធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដោយ​ចូលរួម​ជាមួយ​ក្រុម​លីគ​កំពូល​កូរ៉េខាងត្បូង FC Seoul ហើយ​នៅ​ឆ្នាំ​២០២២ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​បារាំង ដោយ​ចូលរួម​ជាមួយ​ក្រុម Rodez AF។

Park Jung-bin កាលជាសមាជិក U23 កូរ៉េខាងត្បូង (រូបថត៖ yna)

ចំណែក​នៅ​ក្នុង​ជម្រើស​ជាតិ​កូរ៉េខាងត្បូង វិញ​ Park ធ្លាប់​​ជា​សមាជិក U15, U16, U23 និង​ឈុត​អូឡាំពិក​ឆ្នាំ​២០១៦ ​នៅ​ប្រទេស​ប្រេស៊ីល។ ឈុត​អូឡាំពិក​របស់​​កូរ៉េខាងត្បូង កាល​នោះ​ដឹកនាំ​ដោយ​លោក Tae-yong Shin បច្ចុប្បន្ន​ជា​គ្រូ​ធំ​របស់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី។ លោក Tae-yong Shinកាល​នោះ​បាន​កោះ​ហៅ​ Park Jung-bin ក៏​ស្ថិត​ក្នុង​បញ្ជី​ជាមួយ​មិត្តរួម​ក្រុម​ Son Heung-min នៅ​ក្លិប Tottenham Hotspur បច្ចុប្បន្ន ក្នុង​ការ​​ប្រកួត​មិត្តភាព​អន្តរជាតិ ឈ្នះ​អាល់ហ្សេរី ចំនួន​២​ប្រកួត ឈ្នះ​នីហ្សេរីយ៉ា ១ប្រកួត​ស្មើ​ហុងឌុយរ៉ាស់ ១ប្រកួត​និង​ស្មើ​ដាណឺម៉ាក់១ប្រកួត៕

Share.