ក្រុម​មកពី​លីគកំពូលកម្ពុជា មាន​ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត និងវិសាខា សុទ្ធសឹងតែ​រក​បាន​ជ័យ​ជម្នះ​ដូច​គ្នា នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ ប្រកួត​ជើង​ទី១ ខណ:​គ្រាប់​ស៊ុត​បញ្ចូល​ទីគ្នា​សរុប​មាន​ចំនួន ៣២គ្រាប់ បញ្ចប់​នៅ​ថ្ងៃទី២១ មករា ២០២៦នេះ។

កម្មវិធីប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយគឺ នៅថ្ងៃទី២១ មករា ២០២៦

  • បាត់ដំបង​យូណៃធីត ២-៥ ​ព្រះខ័នរាជស្វាយរៀង ទីលានសកលវិទ្យាល័យជាតិបាត់ដំបង
  • សមាគម​កីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ០-៣ ក្រុមភ្នំពេញក្រោន ទីលានវិទ្យាល័យ ប៉ុន រ៉ានី ហ៊ុនសែមេមុត
  • ឡាយអ៊ិនឃីង ខេត្តសៀមរាប ០-៩ បឹងកេត កីឡដ្ឋានអាគីហីរ៉ូកាតុ
  • ភ្នំពេញហ្គាឡាក់ស៊ី ០-១៣ វិសាខា ទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

ការប្រកួត ចាប់ផ្តើមពីថ្ងៃទី២១​ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវ​ឱ្យ​ក្រុមទាំង១៦ ​​ប្រកួត​ប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។ ចំនួនក្រុមដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ពីវគ្គ​១៦ក្រុម ដល់​​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈវគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ធ្វើ​តែ​​មួយ​ជើងទេ នៅទឹកដីកណ្តាល។

​សូមរំឭកថា ក្រុម​មន្ទីរ អយក ខេត្តកំពង់​ចាម ​ម្ចាស់​ជើង​ឯក​ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយ​​យក​ឈ្នះក្លិបបាល់ទាត់ឡាយ​អ៊ិនឃីង ខេត្តសៀម​រាប ២-១ នៅ​វគ្គផ្ដាច់ព្រ័ត្រ ក្នុង​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២១ ធ្នូ ២០២៥។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវ​រៀបចំឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.