គណៈកម្មការចំពោះកិច្ចដែលមានសមាសភាពចំនួន១២រូប បង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាការខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីមិនប្រក្រតី​​​នៃការដោះលែងជនជាតិចិន៨នាក់ ដែលឆ្លងដែនចូលទឹកដីកម្ពុជាខុសច្បាប់។ នេះជាការលើកឡើងរបស់លោក បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង​ក្រសួងមហាផ្ទៃ។

តាមរយៈសារជាសំឡេង​ផ្ញើតាមបណ្ដាញ​តេឡេក្រាម លោកបណ្ឌិត​ទូចសុឃៈ បានពន្យល់ថា គណៈកម្មការនេះបានបង្កើតឡើងតាំងពីថ្ងៃទី២ ឧសភា ដែលមិនមែនជារឿងថ្មីទេ ហើយការបង្កើតគណៈកម្មការចម្រុះបន្ទាន់ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ រដ្ឋបាលថ្នាក់ក្រោមជាតិ អភិបាលរងខេត្ត និងខាងអាវុធហត្ថ និងខាងជំនាញខាងស៊ើបអង្កេតមកពីក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាធ្វើការស៊ើបអង្កេតករណីមិនប្រក្រតី​ ដែលកើតឡើងនូវក្នុងសំណុំរឿងដោះលែងជនជាតិចិន​៨នាក់​ឆ្លងដែនចូលទឹកដីកម្ពុជាខុសច្បាប់។​

សូមចុចអាន៖ ៨ថ្ងៃនគរបាល បានឃាត់ខ្លួនជនសង្ស័យជាង៥០០នាក់ ជាបន្តបន្ទាប់ នៅទូទាំងប្រទេស

លោក បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង​ក្រសួងមហាផ្ទៃ។

«ចំពោះលទ្ធផលនៃការស៊ើបអង្កេត គឺនៅក្នុងដំណាក់កាលគេស្រាវជ្រាវជាគោលការណ៍ច្បាប់ គឺមិនអាចនិយាយជាសាធារណៈបានទេ មួយទៀតពាក់ព័ន្ធទៅនឹងភាពសម្ងាត់នៃមុខសញ្ញាបានន័យថាការណាយើងនិយាយទៅវាបែកទៅមុខសញ្ញាគ្នាបែករឿងរ៉ាវចេញៗទៅ គឺត្រូវរក្សាការសម្ងាត់ដារាបណាការស៊ើបអង្កេតប្រមូលព័ត៌មានដែលយើងបានជុំហើយ នឹងត្រូវធ្វើរបាយការណ៍មួយបញ្ជូនទៅរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យនិងសម្រេចចំពោះលទ្ធផលនៃការស្រាវជ្រាវនេះជាបន្ដ»។ លោកបណ្ឌិត ទូច សុឃៈបន្ថែម។

លោកបណ្ឌិត ទូច សុឃៈ​ បានលើកឡើងទៀតថា ចំពោះស្ថានភាពនៃការលោកលួចឆ្លងដែនចូលទៅរដ្ឋណាមួយ ជាទូទៅតែងកើតមាន មិនថាតែកម្ពុជាទេ។ មួយរយៈចុងក្រោយនេះ កម្ពុជាមានការថមថយចុះ បន្ទាប់ពីកម្ពុជារឹតបន្ដឹងច្បាប់អន្តោប្រវេសន៍ និងការពង្រឹងយន្ដការតាមច្រកទ្វារទឹក គោក និងអាកាស ប៉ុន្តែកម្ពុជានៅតែទទួលស្គាល់ថាជនល្មើសឬក៏អ្នកដែលមានបំណងនៅក្នុងការលួចឆ្លងដែនគឺនៅតែមាន ដោយសារថា ព្រំដែនមិនបានធ្វើរបងដូចផ្ទះរបស់យើងនោះទេ មានច្រកនេះ ច្រកនោះ ដែលអាចឆ្លងកាត់បាន។ យ៉ាងណាមិញសួរថា តើករណីឆ្លងដែនខុសច្បាប់មានការកើនឡើង? អត់ទេ គឺមិនកើនឡើងទេ គឺកម្ពុជាគ្រប់គ្រងបានល្អ ដោយបានរឹតបន្តឹងច្បាប់ និងការពង្រឹងតាមច្រកទាំងបី គឺដែនទឹក គោក និងអាកាស ដែលខ្ញុំបានលើកឡើងខាងដើម។

ជាក់ស្ដែងករណីមិនប្រក្រតីដែលកើតឡើងនៅខេត្តស្ទឹងត្រែង គឺថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចបន្ទាន់មួយកាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ ដើម្បីស្រាវជ្រាវរកមូលដ្ឋានដើម្បីដាក់ចេញនូវទិសដៅអនុវត្តជាបន្តបន្ទាប់ទៅមុខទៀតទប់ស្កាត់ការពារបង្ការ និងបង្ក្រាបឱ្យបានទាន់ពេលវេលាមានប្រសិទ្ធភាពចំពោះការលបលួចចូលទឹកដីកម្ពុជាដោយខុសច្បាប់៕

Share.