កណ្តាល៖ សមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនបានក្រុមចោរធាក់ប្ល.ន់យកម៉ូតូ៦នាក់ បន្ទាប់ពីបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីសន្តិសុខម្នាក់ កាលពីថ្ងែទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៤:៥០នាទីព្រឹក នៅចំណុច លើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះ ០១នាក់ឈ្មោះ ម៉ី ចាន់រ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរដ្ឋាករទឹក មានទីលំនៅសព្វថ្ងៃភូមិស្វាយស្រណោះទី១ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ។ បានរងរបួសរបួសជាច្រើនកន្លែង។

ជនសង្ស័យមានគ្នា០៧នាក់ ឃាត់ខ្លួនបាន០៦នាក់ ទី១.ឈ្មោះ ផល សុវណ្ណរាជ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ ទី២.ឈ្មោះ ថុន វីរៈបុត្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ទី៣.ឈ្មោះ សេក សុធារិទ្ធ ហៅអ៊ីង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី៤.ឈ្មោះ ម៉ាន ហ៊ើរ៉ូន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ។ ទាំង៤នាក់មានទីលំនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទី៥.ឈ្មោះ មាស គាកាណូ ហៅតូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី៦.ឈ្មោះ កៅ កង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ស្នាក់នៅម ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកទី៧.ឈ្មោះ មករា ភេទប្រុស កំពុងរតគេចខ្លួន។ ហើយបានដកហូត ម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KN-5723 (របស់ជនសង្ស័យឈ្មោះ ផល សុវណ្ណរាជ មធ្យោបាយធ្វើសកម្មភាព)។ ទូរសព្ទដៃចំនួន ០៤គ្រឿង របស់ជនសង្ស័យ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AB-8008 ចេញពីផ្ទះនៅភូមិស្វាយស្រណោះ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីទៅធ្វើការជាសន្តិសុខនៅផ្លូវវិមានឈ្នះឈ្នះ តែម្នាក់ឯង លុះពេលជិះមកដល់ចំណុចផ្សាររកាកោង ឃុំរកាកោង ក៏ស្រាប់តែឃើញមានម៉ូតូជនសង្ស័យចំនួន០៤ គ្រឿង ជិះដេញតាមពីក្រោយម៉ូតូជនរងគ្រោះ រហូតមកដល់ផ្លូវជាតិលេខ៦ ចំណុចស្ពានលេខ២០ ជនសង្ស័យបានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឱ្យម៉ូតូរបស់ជនរងគ្រោះដួល អូសប្រវែង២០ម៉ែត្រ ហើយជនសង្ស័យ បានលើកម៉ូតូជនរងគ្រោះជីះនាំគ្នាជិះសំដៅទៅត្បូងចូលរាជធានីភ្នំពេញបាត់ទៅ។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង ដើម្បីឱ្យកម្លាំងជួយស្រាវេជ្រាវចាប់ជនសង្ស័យ។ លុះដល់ថ្ងៃទី០៣ ខែមិថុន ឆ្នាំ២០២៤ កម្លាំងយើងបានកំណត់មុខសញ្ញាបាន ដោយបានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ខាងលើ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពិតប្រាកដ្យមែន។ ដោយលើកទី១ ប្រព្រឹត្តនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៣:២៥នាទីទៀបភ្លឺ នៅចំណុចផ្លូវជាតិលេខ៦ ឃុំព្រែកអញ្ចាញ បានម៉ូតូមួយគ្រឿង និងលើកទី២ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៤:៥៩ទៀបភ្លឺ នៅចំណុចស្ពានទី២០ ផ្លូវជាតិលេខ៦បានម៉ូតូមួយគ្រឿងទៀត ហើយយកទៅលក់បានប្រាក់មកចែកគ្នាអស់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.