ម៉ានីល៖ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ បាននាំកម្អែលភក់ និងកំទេចកំទីភ្នំភ្លើង ហូរឆ្លងកាត់ភូមិមួយនៅភាគកណ្តាលប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ រយៈពេល២ថ្ងៃ បន្ទាប់ពីភ្នំភ្លើងនៅក្បែរនោះបានផ្ទុះឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤។

ភ្នំភ្លើង Kanlaon នៅលើកោះ Negros បានផ្ទុះឡើងកាលពីល្ងាចថ្ងៃចន្ទ ដោយបានព្រួសកម្ទេចផេះ ថ្ម និងឧស្ម័នកម្ពស់ ៥គីឡូម៉ែត្រពីលើដី។

រូបភាពដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook កាលពីថ្ងៃពុធ បានបង្ហាញពីលំហូរកម្អែលភក់ពណ៌ប្រផេះ និងថ្មភ្នំ ដែលគេស្គាល់ថា ជាលំហូរកម្អែរលត្រជាក់ ឬកម្អែលឡាហា ហូរចុះក្នុងភូមិ Biaknabato ក្នុងខេត្ត Negros Occidental។

យ៉ាងណាម៉ិញ គេមិនទាន់ដឹងថា កម្អែលភ្នំភ្លើងនេះបានបង្កការគំរាមកំហែង ឬ បង្កផលលំបាកអ្វីដល់អ្នកស្រុកនៅទីនោះនៅឡើយទេ ខណៈបច្ចុប្បន្ន មិនទាន់មានសេចក្ដីរាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ និងរបួសនោះទេ។

លោក Teresito Bacolcol នាយកវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយថា «យើងនៅតែកំណត់ពីវិសាលភាព និងបរិមាណនៃកម្អែលឡាហារនេះ»។ ទន្ទឹមនោះ លោក បាន​ព្រមានប្រជាជនថា កម្អែលឡាហារ​ មាន​ផ្ទុក​ផេះ​ភ្នំភ្លើង ហើយ​វាមាន ​«គ្រោះថ្នាក់»។

ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរក្នុងតំបន់បានជម្លៀសមនុស្សរាប់រយនាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅជុំវិញតំបន់ភ្នំ Kanlon ដោយសារតែវាបានបញ្ចេញផេះ ឧស្ម័ន ការគំរាមកំហែងពីការហូរកម្អែលឡាហា និងការគំរាមកំហែងពីការផ្ទុះឡើងជាថ្មីម្ដងទៀត។

សូម​បញ្ជាក់​ថា ​ហ្វីលីពីន គឺ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​តំបន់ «​រង្វង់​​​ភ្លើង» ឬ​ហៅ​ថា «Ring of Fire» ដែល​​​​​​គ្រោះ​រញ្ជួយដី និង​បន្ទុះ​ភ្នំភ្លើង​ គឺ​ជា​រឿង​​ដែល​ការ​កើត​ឡើង​ជា​ញឹកញាប់នៅក្នុងប្រទេសមួយនេះ។ ជាក់ស្ដែង​ដូចជា ភ្នំភ្លើង Kanlaon គឺជាភ្នំភ្លើងដ៏សកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន២៤ ក្នុងប្រទេសជុំកោះមួយនេះ៕ 

ប្រភព៖ CNA

ចុចអាន៖ ភ្នំភ្លើ.ងដ៏សកម្មនៅហ្វីលីពីន ផ្ទុះព្រួសផេះកម្ពស់ ៥គីឡូម៉ែត្រពីដី បន្ទាប់ពីខានផ្ទុះ ៧ឆ្នាំ

Share.