សិល្បៈជាតិ៖ ក្រោយបញ្ចប់ការប្រកួតប្រជែងប្រឡងចម្រៀងនៅក្នុងកម្មវិធី Beat The Beast គេសង្កេតឃើញមានរឿងរ៉ាវពីរយ៉ាងដែលសំដៅដល់រឿងបាក់ទឹកចិត្ត បរាជ័យ និងភាពជោគជ័យលើវិថីសិល្បៈរបស់ចម្រៀងរបស់តារារះថ្មី ២ ដួង ដែលហ្វេនអ្នកគាំទ្រ និងអ្នកចង់ក្លាយជាតារាមិនគួរមើលរំលង ហើយគួរតែលើកយកមករៀនសូត្រជាបទពិសោធន៍ប្រើប្រាស់ក្នុងជីវិត។ នៅក្នុងអត្ថបទព័ត៌មានមួយនេះ អ្នកសារព័ត៌មានត្រយងបានដាក់ការចាប់អារម្មណ៍ខ្លាំងចំពោះមេរៀនជីវិតរបស់តារាចម្រៀង ពុធ មិថុនា និងតារាចម្រៀងស្រី លីន សោម៉ា ដែលនឹងរៀបរាប់ដូចតទៅនោះ។

គ្រប់គ្នាប្រហែលជាស្គាល់តារាចម្រៀង ពុធ មិថុនា តារាចម្រៀង Cover និង Original Song យ៉ាងពីរោះតាមរយៈទឹកសំឡេងផ្អែមស្រទន់របស់លោក។ មុនចូលខ្លួនជាបេក្ខជនប្រឡងកម្មវិធី Beat The Beast លោកគឺជាតារាប្រុសវ័យក្មេងរូបសង្ហាមានធ្មេញជំពឹសបបូរមាត់ព្រែក ច្រៀងឱ្យផលិតកម្ម Home Music ដែលគ្រប់គ្រងដោយលោក យឹម តាស្រង់ ជ្រកក្រោមផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា ហើយក្រោយមកក៏ចូលមកជ្រកនៅក្នុងផលិតកម្មថ្មីមួយទៀតគឺផលិតកម្ម រាម Production ដែលមានកំពូលតារាចម្រៀង មាស សុខ សោភា និងលោក ដួង វីរៈសិទ្ធ ជ្រកក្នុងទ្រនំផលិតកម្មនេះដូចគ្នា។ នៅក្នុងផលិតកម្មថ្មីមានគុណភាព មិថុនា មានបទចម្រៀងល្បីៗចេញហូរហែផងដែរដូចជាបទ «ក្រាស់អូនអ្នកគាំទ្រ» «ជ្រុះបាត់បេះដូង» «វិញ្ញាណ» «ពាក្យមួយមាត់» និងបទល្បីៗជាច្រើនទៀត។

បន្ទាប់ពីដំណើរការបាន ២ឆ្នាំ ផ្ទៃក្នុងផលិតកម្មនៅចាប់ផ្ដើមរង្គោះរង្គើ រហូតធ្វើឱ្យរបូតតារាចម្រៀងច្រើនដួងដើរចេញពីផលិតកម្ម។ ក្នុងនោះ មិថុនា ក៏បានជ្រុះចេញពីផលិតកម្មដូចគ្នា ហើយបែរមកបង្ហាញមុខចូលប្រឡងក្នុងកម្មវិធី Beat The Beast ដើម្បីស្វែងរកក្ដីស្រមៃថ្មីមួយទៀត។ គណៈកម្មការបានចោទសួរទៅ មិថុនា ពីមូលហេតុបង្ហាញខ្លួនចូលមកប្រឡងទាំងខ្លួនធ្លាប់មានឈ្មោះជាតារាចម្រៀងស្រាប់រួចមកហើយ។ ប៉ុន្តែ មិថុនា បានត្រឹមតែឆ្លើយតបវិញថា គ្រប់យ៉ាងដែលខ្លួនកំពុងធ្វើនោះ គឺដើម្បីចង់បានបទពិសោធន៍ថ្មីសម្រាប់ជីវិតចំពោះការប្រកួតប្រជែងពិត។

ឆ្លងកាត់ប្រឡងចម្រៀងច្រើនវិញ្ញាសានៅក្នុងកម្មវិធី Beat The Beast ជាលទ្ធផល មិថុនា មិនទទួលបានជោគជ័យ​ទេ ថែមទាំងបង្ហោះសារបង្ហាញអារម្មណ៍តាណតឹងក្នុងចិត្តឱ្យមហាជនដឹងទៀតថា «ខ្ញុំសុំបង្ហាញអារម្មណ៍ក្នុងចិត្តមួយគ្រាន់ធូរស្បើយក្នុងចិត្តខ្លះ មួយរយៈនេះខ្ញុំបរាជ័យរហូតចង់បាក់ស្បាតរកផ្លូវដើម្បីបន្តលើវិស័យដែលខ្ញុំស្រលាញ់លែងចង់ឃើញហើយមិនដឹងគួរចាប់ផ្តើមពីណាទៅមុនទេព្រោះគ្រប់យ៉ាងគឺខ្ញុំនៅខ្វះខាតច្រើនមែនទែន ខ្ញុំមិនដឹងថាតើខ្ញុំអាចនឹងបន្តធ្វើបានរយះពេលប៉ុន្មានទៀតទេព្រោះមានអារម្មណ៍ថាខ្លួនឯងដូចជាប់គាំងខ្លាំងណាស់»។

ការបង្ហាញពីអារម្មណ៍បាក់ស្បាតនៅលើវិថីសិល្បៈចម្រៀងរបស់ មិថុនា បានធ្វើឱ្យអ្នកគាំទ្រជាប់គាំងក្នុងអារម្មណ៍ហើយលែងហ៊ានបន្តតាមរកនូវក្ដីស្រមៃ និងការងារដែលខ្លួនស្រឡាញ់ក្នុងអាជីពជាអ្នកចម្រៀងនេះទៀត ព្រោះខ្លាចត្រូវឆ្លងកាត់បទពិសោធន៍មិនល្អជាច្រើនដូចមិថុនាដែលធ្លាប់បរាជ័យម្ដងហើយម្ដងទៀត ក៏នៅតែមិនសូវមានប្រជាប្រិយភាព។ ប៉ុន្តែអ្នកគាំទ្រផ្សេងទៀតនៅតែរំពឹងទុកថា ថ្ងៃណាមួយពន្លឺនៃប្រជាប្រិយភាពរបស់មិថុនា នឹងរះឡើងវិញជាមួយមុខមាត់ថ្មីស្នាដៃថ្មី ដើម្បីបន្តអាជីពសិល្បៈទៅមុខទៀត។

ងាកមកចាប់អារម្មណ៍នៅទៅលើម្ចាស់ពាន Beat The Beast រដូវកាលទី ២ វិញ គឺកញ្ញា លីន សោមា ដែលមុននឹងជោគជ័យបានពានកាន់ក្នុងដៃបែបនេះ ពីមុនមកកញ្ញាក៏ធ្លាប់ឆ្លងកាត់រឿងបរាជ័យជាច្រើនដូចគ្នាដែរតាមរយៈកម្មវិធីប្រឡងចម្រៀង និងមិនទាន់មានឈ្មោះជាតារាចម្រៀងពេញលេងនៅឡើយទេ។

គ្រប់គ្នាចាំថា យុវតី លីន​ សោម៉ា ឆ្លង​កាត់​កម្មវិធី​ប្រឡង​ចម្រៀង​តាំង​ពី​ក្មេង និង​ធ្លាប់​​បាន​ទទួល​​ចំណាត់​ថ្នាក់​លេខ ១ ​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង​កុមារ​ ផ្កា​រីក​ក្នុង​សួន​។​​ រហូតចម្រើនវ័យពេញរូបរាងបន្តិច យុវតី​រូប​នេះ​​ធ្លាប់​ដាក់​ពាក្យប្រកួតប្រជែង​ក្នុង​កម្មវិធី​ជា​ច្រើន​​មាន​ដូច​ជា​ Cambodian Idol រដូវ​កាល​ទី​៣  The Mask Singer Cambodia និង​ចុង​ក្រោយ​កម្មវិធី​ Beat The Best រដូវ​កាល​ទី​២​។​

បើទោះបីជាធ្លាប់ដួលច្រើនដងនៅលើវិថីសិល្បៈចម្រៀង ប៉ុន្តែសោម៉ា នៅតែក្រោយឈរតាំងជំហរជានារីអង់អាចមួយរូបដែលមានរូបរាងតូចគួរឱ្យស្ញប់ស្ញែង។ ទីបំផុតជាលទ្ធផល សោម៉ា នៅ​តែ​អាចសម្រេចក្ដី​សុបិន​ធំ​នេះបានតាមរយៈ​ការលើកពាន​ដែលប្រគល់ពី​លោក​ នេត ភត្រា រដ្ឋមន្រ្ដីក្រសួង​ព័ត៌មាន អមដោយទឹកប្រាក់​រង្វាន់ ២៤ ០០០​​ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​កុងត្រា​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាសផងដែរ​។​ យុវតីមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះ មិនត្រឹមតែតស៊ូជម្នះឧបសគ្គក្នុងវិស័យសិល្បៈនោះទេ នាងក៏ត្រូវគេបានដឹ​ងថា នាងជា​និស្សិតឆ្នាំទី២ ផ្នែក​គណនេយ្យ និងពន្ធដា​នៅវិទ្យាស្ថានជាតិគ្រប់គ្រងទៀតផង។

ជារួមមកវិញ ការដែលសារព័ត៌មានត្រយងលើកយកបទពិសោធន៍របស់តារាចម្រៀងទាំងពីរដួងនេះមកបង្ហាញជូនប្រិយមិត្តអ្នកគាំទ្រឱ្យដឹង ព្រោះចង់ឱ្យលោកអ្នកជ្រាបអំពីបំនិនជីវិតថា នៅលើវិថីសិល្បៈមិនមែនមានតែរូបភាពស្រស់ស្អាតគួរឱ្យគយគន់តែមួយទេ អ្នកសិល្បៈភាគច្រើនប្រឈមនឹងតស៊ូអត់ធ្មត់ ក្រោកឈរឡើងរាប់ឆ្នាំ ដើម្បី​សាង​ប្រជាប្រិយភាពមានមហាជនទទួលស្គាល់ហើយទទួលបានភាពជោគជ័យ រីឯខ្លះទៀតបរាជ័យច្រើនដងរហូតលែងចង់ប្រឡូកសិល្បៈ ដែលនេះដូចពាក្យចាស់លោកឧស្សាហ៍ពោលថា លើលោកយើងនេះ គ្មានបុគ្គល​ណា​ម្នាក់ មិនធ្លាប់ឈឺចាប់ មិនធ្លាប់បរាជ័យទេ មនុស្សគ្រប់រូបគឺជួបប្រទះគ្រប់គ្នា គ្រាន់តែតិចឬច្រើនជាង។ ប្រសិន​បើ​ជួបបញ្ហា ឬបរាជ័យអ្វីមួយ គប្បីកុំបោះបង់ ឬរត់ចោលបញ្ហា ត្រូវតែប្រឈម ហើយដោះស្រាយមួយជំហានម្តងៗ ទៅតាមលទ្ធភាព នោះយើងអាចនឹងធ្វើវាទៅរួច ព្រោះបើយើងគេចវេះពីបញ្ហា ឬបាក់ស្បាតនៅពេលបរាជ័យនោះ នោះជីវិត យើង នឹងមិនអាចជួបរឿងជោគជ័យរហូត៕

Share.