សិល្បៈជាតិ៖ នៅលើហ្វេសប៊ុកផេករបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងថា មានកុមារីជាច្រើននាក់ និងកុមារាមួយចំនួន បានស្ម័គ្រចិត្តមកចូលហាត់រៀនរបាំបុរាណខ្មែរយ៉ាងសកម្ម ឱ្យត្រឹមតែក្បួនក្បាច់របស់ខ្មែរ ដើម្បីកិច្ចការពារថែរក្សា អភិរក្សនិងលេីកស្ទួយសិល្បៈវប្បធម៌ជាតិ។

តាមលោក នូវ សុផល ប្រធានការិយាល័យសិល្បៈទស្សនីយភាព បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ មានសហការីចំនួន០២រូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានចុះទៅបង្ហាត់របាំនិងពង្រឹងក្បួនខ្នាតដល់សិស្សៗថ្មី ស្ថិតនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី។ សកម្មភាពបង្ហាត់បង្រៀនសិល្បៈនេះ ធ្វើឡើងជាប្រចាំសប្តាហ៍ របស់ការិយាល័យសិល្ប:ទស្សនីយភាព នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ។

សូមជម្រាបថា ការចូលរួមថែរក្សា អភិរក្សនិងលេីកស្ទួយសិល្ប:វប្បធម៌ជាតិ គឺជាតួនាទីរបស់យេីងទាំងអស់គ្នា ហើយសកម្មភាពនេះត្រូវបានមហាជនរំពឹងថា មិនត្រឹមតែកើតមានឡើងនៅខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ ប៉ុន្តែគួរបន្តឱ្យកើតមានតាមបណ្ដាខេត្តផ្សេងៗ និងសាលារៀនផងដែរ៕

Share.