សិល្បៈជាតិ៖ ថ្មីៗនេះ មានបញ្ហាចម្រូងចម្រាសមួយ ដែលអ្នកលេងបណ្ដាញសង្គមកំពុងតែយកចិត្តទុកដាក់និងតាមដាន ព្រោះតែឃើញមានការយកហូពិតាន ឬព្រះបត់ មកប្រើប្រាស់ ប្រាសចាកពីអ្វីដែលដូនតាខ្មែរ កាលពីជំនាន់មុនបានបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ។ នៅក្នុងនោះឃើញមានការយកហូលពិតានទៅកាត់ធ្វើជាសំពត់ស្លៀក ទាំងដែលភាពពិត ហូលពិតាននេះ ដើមឡើយមិនមែនជាហូលសម្រាប់កាត់ធ្វើជាសំពត់ ឬសំលៀកបំពាក់នោះឡើយ។ តើអ្វីទៅជាហូលពិដាន? តើហូលពិដាននេះមានលក្ខណៈពិសេសអ្វីខ្លះ?



លក្ខណៈពិសេស របស់ហូលពិតាន ឬ ព្រះបត់ គឺអ្នកត្បាញច្រើនត្បាញរៀបរាប់ពីពុទ្ធប្រវត្តិ ឬរឿងទេវកថាផ្សេងៗ ដើម្បីឧទ្ទិសថ្វាយព្រះ ពិសេសបម្រើនៅក្នុងវិស័យព្រះពុទ្ធសាសនា។ បើនិយាយពី “ហូលពិតាន” ក្នុងពេលបច្ចុប្បន្នអាចថា មានមនុស្សភាគតិចណាស់ដែលស្គាល់ តែបើពាក្យថា “ព្រះបត់” អាចមានមនុស្សមួយចំនួនធំជាពិសេសចាស់ៗ អាចនឹងស្គាល់ច្រើនជាងក្មេងៗជំនាន់ក្រោយ។
យោងតាមការរៀបរាប់ពី លោក ផេង សុផល ម្ចាស់ជ័យលាភីលេខ១សិល្បៈតម្បាញសូត្រនៃមហោស្រពសិល្បៈជាតិលើកទី១៧ បានប្រាប់វិទ្យុផ្សាយក្នុងស្រុកមួយថា ហូលពិដាន អាចដាក់តាំងនៅលើពុទ្ធបដិមាករ ដើម្បីការពារធូលី ដីធ្លាក់មកលើពុទ្ធបដិមា ដែលនៅក្នុងប្រវត្តិខ្មែរយើងពីដើម ពិដានត្រូវបានគេធ្វើជារឿង ភាគច្រើនគឺទាក់ទងនឹងពុទ្ធប្រវត្តិ។ បន្ទាប់ពីគេធ្វើហើយ គេយកពិដានដែលយើងធ្វើហ្នឹងយកទៅប្រគេនលោក លោកអាចចងព្យួរនៅក្នុងវិហារ ដើម្បីជាការតាំងសម្រាប់ការគោរព ការបូជាចំពោះពុទ្ធសាសនា ដើម្បីបានសេចក្ដីសុខ។ ប៉ុន្តែនៅសម័យក្រោយឥឡូវនេះ ភាគច្រើនគឺអត់ស្គាល់ទេថាតើហូលពិដានជាហូលអីទៅ? ជួនកាលពិដានគេគិតថាជាពិដានផ្ទះទៅវិញ។

ដោយឡែក បើតាម សាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា បានលើកឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គម ហូពិតាន ប្រើប្រាស់សម្រាប់បាំងពីលើព្រះបដិមា ឬទីសក្ការៈ និងពិធីបុណ្យផ្សេងៗ ហូលពិតានមានគោម មានរូប មានក្បាច់រចនាខុសពីហូលសម្រាប់ស្លៀក។ សូមមេត្តាកុំយកហូលពិតានទៅធ្វើជាសំពត់ស្លៀក។ របស់ទាំងឡាយមានតួនាទីផ្សេងៗគ្នា សូមមេត្តា ប្រើប្រាស់ទៅតាមតួនាទី វត្ថុនីមួយៗឱ្យបានត្រឹមត្រូវល្អក្នុងអារ្យធម៌ជាតិយើង ទើបមិននាំឱ្យអាប់ឱនដល់អ្នកប្រើប្រាស់ និងដល់វត្ថុប្រពៃណីទាំងឡាយ។ បើលោកអ្នកមិនដឹង សូមមេត្តាអានសៀវភៅ ឬសិក្សារៀនសូត្រ និងសាកសួរគេ អ្នកយល់ដឹងផងចុះ។ សូមអរគុណ។ ក្រៅពីបង្ហោះនូវសំណេរនេះហើយ លោកសាស្ត្រាចារ្យ ក៏បានភ្ជាប់ឯកសារជាសៀវភៅដែលមានចំណងជើងថា «ពិតាននៅក្នុងជំនឿ និងប្រតិបត្តិ»។
មែនទែនទៅបញ្ហាចម្រូងចម្រាស កើតឡើងដោយសារតែឃើញមានបងប្អូនប្រជាពលរដ្ឋ បានយកហូលពិតាននេះទៅកាត់ជាឈុតស្លៀកពាក់ ទៅវត្តនៅក្នុងរដូវបុណ្យផង និងធ្លាប់ឃើញមានការស្លៀកឈុតនេះ ដោយតារាសម្ដែងសឹម ស្រីនិច ដែលជាតួអង្គឯកម្នាក់នៃរឿង «អប្សរាមហាអង្គរ» របស់អ្នកដឹកនាំល្បីហ្វៃ សំអាង បានបង្ហោះផ្សព្វផ្សាយឈុតឆាកសាច់រឿង ដោយមានស្លៀកហូលពិតាន និងជាពិសេសថ្មីៗនេះតែម្ដង គឺមានអ្នកច្នៃម៉ូដមួយរូបទៀត បានយក ហូពិតាន ឬព្រះបត់ នេះ ទៅច្នៃជាឈុតតំណាងជាតិឱ្យបេក្ខភាពស្លៀកប្រកួត។
យ៉ាងណាមិញ លោកអាចទៅសិក្សា និង ស្វែងយល់បន្ថែម ឱ្យកាន់តែ ស៊ីជម្រៅ ស្ដីពីហូលពិតាននេះ តាមរយៈទៅចូលទស្សនា ពិព័រណ៌ហូលពិតាន៖ ការវិវឌ្ឍ និង បញ្ហាប្រឈម ដែលបានរៀបចំឡើងដោយសារមន្ទីរជាតិ ចាប់តាំងពីថ្ងៃ២១ ខែមីនា រហូតដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕

