បាងកក៖ លោក Varawut Silpa-archa រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ និងសន្ដិសុខសង្គមមនុស្ស បាននិយាយកាលពីថ្ងៃអង្គារ នេះថា អ្នកសុំទានជិត ៨,០០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសថៃ ក្នុងរយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ហើយជិត ៣០% នៃក្រុមអ្នកសុំទាន គឺជា ជនបរទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nation Thailand នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤។

ទាក់ទិននឹងបញ្ហានេះ លោក កំពុងឆ្លើយតបជាមួយនឹងខមិននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលថា ឥលូវនេះ ចំនួនអ្នកសុំទានកាន់តែច្រើនឡើងនៅតាមដងផ្លូវសាធារណៈ ជាពិសេសនៅក្បែរផ្សារទំនើបធំៗ ក្នុងទីក្រុងបាងកក។ លោក​ថា មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ គឺ​បញ្ឈប់​ការ​ឱ្យ​ប្រាក់​ទៅ​អ្នក​សុំទាន ដោយ​លោក​បន្ថែម​ថា មន្ត្រី​ក្រសួង​កំពុង​រង់ចាំ​ជានិច្ច​ ដើម្បី​ទទួល​ពាក្យ​បណ្ដឹង។

លោក Varawut បន្ដថា ប៉ូលីសថៃ បានប្រមូលអ្នកសុំទានតាមដងផ្លូវ ចាប់ពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២៤ ដោយបន្ថែមថា ពួកគេតែងតែប្រើវិធីសាស្រ្តថ្មីៗ ដើម្បីទទួលបានប្រាក់ពីប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ ដោយប្រើកុមារ និងសត្វចិញ្ចឹមមកសុំទានជាមួយ។

លោក បន្ថែមថា ចំពោះកុមារដែលត្រូវបានអ្នកសុំទានចាប់យកមកសុំទានជាមួយ ហើយរកឃើញថា មិនជាប់សាច់ឈាមជាមួយ នោះពួកគេនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។

លោកក៏បាននិយាយផងដែរថា ក្រសួងរបស់លោក មិនបានព្រងើយកន្តើយ ចំពោះបញ្ហានេះទេ ប៉ុន្តែបាននិងកំពុងសហការជាមួយប៉ូលីស និងមន្ត្រីមកពីរដ្ឋបាលក្រុងបាងកក (BMA) ដើម្បីត្រួតពិនិត្យតាមដងផ្លូវយ៉ាងហោចណាស់ ៥ដងក្នុងមួយខែ ដើម្បីបង្ក្រាបអ្នកសុំទាននៅតាមទីសាធារណៈ។

យ៉ាងណាម៉ិញជនបរទេស ដែលរកឃើញថា មកសុំទានក្នុងប្រទេសថៃ នឹងត្រូវនិរទេសចេញទៅស្រុកកំណើតវិញ ខណៈជនជាតិថៃ នឹងត្រូវបញ្ជូនមណ្ឌលបណ្ដុះបណ្ដាល ដើម្បីទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម។

ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រីបានទទួលស្គាល់ថា វាពិតជាលំបាកណាស់ក្នុងការកាត់បន្ថយចំនួនអ្នកសុំទាន ពីព្រោះការផាកពិន័យគឺ នៅស្រាល និងតិចតួចចំពោះពួកគេ បើធៀបនឹងអ្វីដែលពួកគេទទួលបានពីការសុំទាន។ លោក Varawut បាននិយាយថា អ្នកសុំទានដែលដើរសុំទាននៅកន្លែងដែលមានអ្នកទេសចរច្រើនអាចរកចំណូលបានរហូតដល់ ១០ម៉ឺនបាតក្នុងមួយខែ ក្នុងរដូវបុណ្យទានម្ដង៕

ប្រភព៖ Nation Thailand

Share.