សិល្បៈជាតិ៖ រឿងចោទប្រកាន់ថា បន្លំអាយុ និងធ្លាប់រៀបការ ដែលកំពុងកើតមានលើកញ្ញា ម៉ាច ដាវី ជាបេក្ខភាព Miss Grand Ratanakiri បានក្លាយជាប្រធានបទក្ដៅគគុក និងជាចំណុចរសើបមួយដែលធ្វើឱ្យបេក្ខនារីរូបនេះប្រឈមជាការដកចេញពីបេក្ខភាពប្រកួត Miss Grand Cambodia ឆ្នាំ ២០២៤។

ក្នុងនោះ ដោយមានការទម្លាយរូបភាពបង្ហាញមកថា កញ្ញា ម៉ាចដាវី ដែលជាបេក្ខភាព Miss Grand Camboida 2024 តំណាងឱ្យខេត្តរតនគិរីថា ធ្លាប់បានរៀបការជាមួយបុរសរូបសង្ហាម្នាក់ និងបានក្លែងបន្លំអាយុពិតដើម្បីចូលរួមប្រគួត។ ប៉ុន្តែនៅពេលដែលរឿងនេះកំពុងតែពុះកញ្ច្រោលនោះ ស្រាប់តែមិនទាន់ឃើញមានការបកស្រាយការពិតឱ្យជាក់លាក់ ឬក៏ចេញប្រតិកម្មណាមួយពីសាមី និងអ្នកគ្រប់គ្រងឡើយ។

ដោយឡែកនាពេលថ្មីៗនេះ លោក ភួង វណ្ណា ដែលជា PD មើលការខុសត្រូវចំពោះកញ្ញា ម៉ាច ដាវី ទាំងស្រុងនោះ ក៏បានបង្ហាញភស្តុតាងពិតជាក់ស្តែងមួយចំនួន ដែលជាលិខិតបញ្ជាក់ភាពនៅលីវដោយមានការបញ្ជាក់ត្រឹមត្រូវពីមេឃុំកំពង់ល្លួង ស្រុកពញាឭ ខេត្តកណ្តាល។ អ្វីដែលសំខាន់ទៀតនោះ កញ្ញាមានថ្ងៃកំណើតពិត កើតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ១៩៩៨ អាចសបញ្ជាក់ថា ឆ្នាំ ២០២៤ នេះ កញ្ញាទើបតែមានអាយុ២៦ឆ្នាំ ដូចការបញ្ជាក់ក្នុងការប្រគួតកម្មវិធី Miss Grand Cambodia 2024 ពិតមែន។

លោកភួង វណ្ណា ដែលជាអ្នកគ្រប់គ្រង Miss Grand Ratanakiri បានលើកឡើងថា ការបកស្រាយយឺតយ៉ាវមិនមែនមានន័យថាគេចពីការពិតឡើយគឺដោយសារករណីនេះកើតមានឡើងនៅចំថ្ងៃឈប់សម្រាកទើបពេលនេះលិខិតផ្លូវការពីមន្ត្រីអាជ្ញាធរមូលដ្ឋានទើបតែបញ្ជាក់បាននៅពេលនេះ។

បេក្ខភាព Miss Grand Cambodia 2024 តំណាងខេត្តរតនគិរី កញ្ញា ម៉ាចដាវី បានច្រានចោលការចោទប្រកាន់ជុំវិញករណីនេះថាជារឿងមិនពិតនិងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់នាង ។ នាងបានលើកឡើងថារូបភាព និងវីដេអូនៃពិធីមង្គលការនោះគឺត្រឹមជាការសម្តែងដើម្បីការងារមុខជំនួញប៉ុណ្ណោះ ហើយអាយុគ្រាដែលនាងចូលរួមប្រគួតក្នុងកម្មវិធីមុននោះគឺដោយសារមានមិត្តភ័ក្កិជាអ្នកបំពេញឯកសារជូនទើបមានការខុសឆ្គង។

ជាចុងក្រោយនេះ កញ្ញា ម៉ាច ដាវី រំពឹងទុកថា ការបកស្រាយដោយបង្ហាញឯកសារភស្តុតាងច្បាស់ៗទាំងអស់នេះ គឺជាសក្ខីភាពរកភាពស្អាតស្អំជូនកញ្ញាមកវិញ ហើយកញ្ញាសង្ឃឹមថា អ្នកគាំទ្ររបស់ Miss Grand Ratanakiri និងបន្តជំរុញលើកទឹកចិត្តកញ្ញារហូតដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ។ ហើយលោក ភួង វណ្ណា ក៏បានសន្យាថា អ្នកដែលព្យាយាមបង្ខំកេរ្តិ៍ឈ្មោះរបស់ Miss Grand Ratanakiri ក៏នឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ផងដែរ៕

Share.