ស្វាយរៀង៖ ក្រសួងសុខាភិបាល សម្រេចផ្អាកសកម្មភាពទីតាំងបន្ទប់ពិគ្រោះព្យាបាលជំងឺ ចំនួន២ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីក្រសួងរកឃើញថា ទីតាំងទាំងពីរនេះ បានប្រើប្រាស់បគ្គលិកគ្មានអាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ និងប្រើប្រាស់ឱសថគ្មានចុះបញ្ចិកាពីក្រសួងសុខាភិបាល។

ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៤ ដោយអនុវត្តតាមុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំដោយអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ទទួលបន្ទុកសុខាភិបាល រួមជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការជាមួយសាលាក្រុងបាវិត អធិការនគរបាលក្រុងបាវិត និងសមាសភាពពាក់ព័ន្ធមួយចំនួនទៀត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យ និងផ្អាកទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺទូទៅចំនួន ២កន្លែង បុគ្គលិកគ្មានអាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ និងប្រើប្រាស់ឱសថគ្មានចុះបញ្ចិកាពីក្រសួងសុខាភិបាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បន្ទប់ពិគ្រោះព្យាបាលជំងឺដែលក្រសួងបានសម្រេច ផ្អាកសកម្មភាពសេវាកម្មទាំង០២ទីតាំង៖ ទី១. បន្ទប់ពិគ្រោះព្យាបាលជំងឺ ស៊ី ហឺ ទទួលខុសត្រូវដោយលោកវេជ្ជបណ្ឌិត ឡី វិបុល។ ទី០២ បន្ទប់ពិគ្រោះព្យាបាលជំងឺ សាន់ សាញ ទទួលខុសត្រូវដោយលោកគ្រូពេទ្យ នួន រិទ្ធី ។

បច្ចុប្បន្ន ទីតាំងទាំងពីនេះ ត្រូវបានក្រសួងសុខាភិបាល ផ្អាកសកម្មភាពផ្តល់សេវា ក្រោយរកឃើញថា មិនបានអនុវត្តទៅតាមច្បាប់ ដោយបានផ្តល់សេវាហួសវិសាលភាព ដែលបានកំណត់ប្រើប្រាស់ ជាពិសេសគឺប្រើប្រាស់បគ្គលិកគ្មានអាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ និងប្រើប្រាស់ឱសថគ្មានចុះបញ្ចិកាពីក្រសួងសុខាភិបាល៕

អត្ថបទ÷ចតុមុខ

Share.