ផ្លរីដា៖ អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន កាលពីយប់ថ្ងៃពុធ (ម៉ោងក្នុងស្រុក) ដែលបណ្ដាលមកពីទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំង សម្រាប់តំបន់មួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នាថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៤។

តំបន់មួយចំនួនដែលរងគ្រោះធ្ងន់ដោយសារជំនន់ទឹកភ្លៀងមានដូចជា៖ Broward, Collier, Lee, Miami-Dade និង Sarasota។

បើតាមនាយកដ្ឋានអាកាសធាតុជាតិ នៅទីក្រុងម៉ៃអាមី បានឱ្យដឹងកាលពីល្ងាចថ្ងៃពុធ ថា ផ្នែកខ្លះនៅក្នុងតំបន់ Broward និង Miami-Dade រួមទាំងតំបន់ Hallandale និង Hollywood កំពុងរងការវាយប្រហារដោយគ្រោះទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស សត្វ រួមទាំងប៉ះពាល់ដល់ផ្ទះសម្បែង អាជីវកម្ម និងផ្លូវថ្នល់។

ជាមួយគ្នា អភិបាលក្រុង Fort Lauderdale លោក Dean Trantalis ធ្លាប់បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ដោយសារតែ «ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់» ដែលបានជន់លិចផ្លូវសំខាន់ៗផងដែរ។

លោក Trantalis បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «បុគ្គលិកគ្រប់គ្រងគ្រាអាសន្នរបស់យើង កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព នៅទូទាំងទីក្រុង»។ លោកបន្ថែមថា «យើងនឹងពង្រាយភ្នាកងារ និងសម្ភារៈជួយសង្រ្គោះដូចជាទូក និងកាណូត ដើម្បីឆ្លើយតបតាមតម្រូវការនានា»។

ទឹកភ្លៀងកម្រិតរហូតដល់ ១៧៧មិល្លីម៉ែត្រ បានធ្លាក់នៅទូទាំងតំបន់ Broward និង Miami-Dade គិតត្រឹមរសៀលថ្ងៃពុធ ខណៈគេព្យាករ ថា ភ្លៀងធ្លាក់ក្នុងកម្រិតធ្ងន់ធ្ងរជាងនេះ នឹងវាយប្រហារជាបន្តទៀត។

ដោយឡែក អត្រាភ្លៀងធ្លាក់នៅ Fort Lauderdale/Hollywood បានឈានដល់ ១០១មិល្លីម៉ែត្រក្នុងមួយម៉ោង នៅថ្ងៃដដែលនោះ ខណៈតំបន់ Sarasota ក៏មានអត្រាភ្លៀងធ្លាក់ជិត ១០០មិល្លីម៉ែត្រក្នុងមួយម៉ោងផងដែរ។

យ៉ាងណាម៉ិញ មន្រ្តីក្នុងតំបន់មិនទាន់មានសេចក្ដីរាយការណ៍ទាក់ទងអំពីការបាត់ខ្លួន ឬ មានអ្នកណាបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នេះនៅឡើយទេ ខណៈការព្យាករបានបង្ហាញថា ភ្លៀងនឹងបន្ដធ្លាក់សម្រាប់តំបន់ភាគខាងត្បូងនៃរដ្ឋ Florida រហូតដល់ល្ងាចថ្ងៃសុក្រ នេះបន្ដទៀត ដោយទឹកភ្លៀងអាចមានកម្រិតពី ១៥ ទៅ ២០អ៉ីញ៕

ប្រភព៖ ABC News

Share.