៣ឆ្នាំ ក្រោយបញ្ចាំងជោគជ័យវគ្គទីមួយកាលពីឆ្នាំ២០២០ រឿងភាគកូរ៉េ Sweet Home បានចាក់បញ្ចាំងវគ្គ២ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ហើយនៅតែទទួលការគាំទ្រខ្លាំងមិនចាញ់វគ្គទីមួយនោះឡើយ ដោយក្នុងវគ្គ២ មានតួអង្គសំខាន់ចូលរួមសម្ដែងដូចជា Song Kang, Lee Jin Wook, Lee Si young, Yoo Oh Song និង Kim Moo Yeol។

ជាការកត់សម្គាល់ វគ្គទី៣ នេះបែរជាបញ្ចេញលឿនជាងកាលពីវគ្គទី១ និងវគ្គទី២ ដែលមានគំលាតគ្នាជិត៣ឆ្នាំ ដោយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុននិងApp ផ្សព្វផ្សាយភាពយន្តដ៏ធំ Netflix បានប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការ «Sweet Home 3» នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

ត្បិតមានប្រជាប្រិយភាពនិងទទួលបានការពេញនិយមគាំទ្រ ប៉ុន្តែ Netflix បានបញ្ជាក់នៅលើផ្ទាំងរូបភាព «Sweet Home» វគ្គ៣ ថា នេះគឺជាវគ្គចុងក្រោយនៃខ្សែរឿងជាស៊េរីមួយនេះហើយ។ មុនការប្រកាសបញ្ចាំងផ្លូវការធ្លាប់ធ្លាយព័ត៌មានចចាមអារ៉ាមថា តួឯកប្រុសក្នុងរឿង Hyunsoo ដែលសម្ដែងដោយ Song Kang នឹងបង្ហាញមុខតិចឬច្រើនប៉ុណ្ណានោះឡើយ ព្រោះតែវគ្គ៣នេះ គឹមិនបានផ្ដោតលើតួអង្គដែលលោកសម្ដែងនោះឡើយ។ សម្រាប់វគ្គ៣នេះដែរ នឹងមិនមានវត្តមាន Song Kang ចូលរួមប្រូម៉ូតផ្សព្វផ្សាយនោះឡើយដោយសារតែលោកជាប់បំពេញកាតព្វកិច្ចយោធា។

សូមរំលឹកឡើងវិញថា Sweet Home គឺជារឿងដែលបរិយាយពីមនុស្សមួយក្រុមរស់នៅក្នុងអគារមួយកន្លែងហើយបានជាប់គាំងនៅក្នុងនោះ ថែមទាំងមានពពួកបិសាចប្លែកៗ តាមយាយីនិងវាយប្រហារ ដូច្នេះពួកគេត្រូវតែប្រើគ្រប់មធ្យោបាយដើម្បីរក្សាជីវិតឱ្យបាន៕

