នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ មានកិច្ចប្រជុំក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិខានិងជាប្រធានក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្ប: និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាននិងជាតំណាងសមាគមដែលពាក់ព័ន្ធជាង២០រូប។

ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ បានផ្លាស់ប្ដូរឈ្មោះមកជាក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ ដើម្បីផ្ដោតជាចំបងទៅលើការពង្រឹងក្រមសីលធម៌នៅក្នុងចង្កោមអ្នកសិល្បៈ ដោយមានភារកិច្ចដូចរៀបរាប់ខាងក្រោម៖
-ពិនិត្យ សម្រេចក្នុងការការដាក់ពិន័យឬណែនាំ អប់រំ ដល់អ្នកសិល្ប:ទាំងក្នុងអាជីពនិងមហាជន ដែលបានប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌នៃអ្នកសិល្ប: ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីជាតិ
-សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្ប:វប្បធម៌ ចំពោះអ្នកសិល្ប:ទាំងឡាយណាដែលមិនគោរព និងមិនអនុវត្តស្របតាមកិច្ចសន្យារបស់ខ្លួន
-ពិនិត្យសម្រេចក្នុងការចាត់វិធានស្របតាមធរមានបញ្ញត្តិ ចំពោះអ្នកដែលបានយកវប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីជាតិទៅប្រើប្រាស់បង្កព្យសនកម្មដល់សាធារណជន ឬសង្គមជាតិ
-ពិនិត្យសម្រេចផ្តល់គ្រឿងឥស្សរិយយសនិងការលើកសរសើរជូនអ្នកសិល្ប: ឬ/និង អ្នកដែលបានចូលរួមក្នុងសកម្មភាពលើកកម្ពស់សិល្ប:វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ស្របតាមក្រមសីលធម៌នៃអ្នកសិល្ប:និងស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ប្រកបដោយមនសិការលើកកម្ពស់កិត្យានុភាពជាតិ។






គេសង្ឃឹមថាការកែសម្រួលសមាសភាពថ្មី និងផ្លាស់ប្ដូរឈ្មោះថ្មី នឹងធ្វើឱ្យក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នេះកាន់តែមានភាពច្បាស់លាស់ នៅក្នុងដំណើរចូលរួមជួយចូកចែវ កែតម្រូវ និងតម្រង់ទិសដល់អ្នកសិល្បៈជាតិយើងឱ្យរក្សាឱ្យបាននូវ កិត្តិយសនិងសេចក្ដីថ្លៃថ្នូរ ព្រោះអ្នកសិល្បៈគឺជាមុខមាត់របស់ជាតិ៕

