កំណើន​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​ភាព​បត់បែន​ខាង​នយោបាយ ស្របតាម​ការ​រីកចម្រើន​សកល បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ផ្នែក​វប្បធម៌។ ក្នុង​នោះ​វិស័យ​អក្សរសាស្ត្រ និង​ភាសា​ដែល​ជា​ផ្នែក​មួយ​នៃ​វប្បធម៌ ហើយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទំនាក់ទំនង និង​ការ​កសាង​លិខិត​បទដ្ឋាន​គតិយុត្តិ ក៏​មាន​ការ​ប្រែប្រួល​ផង​ដែរ ដោយ​គេ​សង្កេត​ឃើញ​ថា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនន់ ពាក្យ​ថ្មីៗ ប្រយោគ ឃ្លោង​ឃ្លា​ប្លែកៗ​ក៏​លេច​ឡើង​ជា​ហូរហែ។ ជាមួយ​គ្នា​នេះ បញ្ហា​ប្រឈម​ក៏​កើត​មាន​ដែរ បញ្ហា​នោះ​គឺ​ការ​ស្ដាប់​មិន​យល់ ឬ​យល់​មិន​ស្រប​គ្នា​ទៅ​តាម​មូលដ្ឋាន​គ្រឹះ​នៃ​ពាក្យ។ អ្នក​ដែល​ប្រឈម​ខ្លាំង​ជាង​គេ​នោះ គឺ​អ្នក​សារព័ត៌មាន និង​ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​តែង​ពាំនាំ​ខ្លឹមសារ​សំខាន់ៗ​នានា​ពី​ក្រុម​អ្នក​ដឹកនាំ​ប្រទេស ទៅ​កាន់​ប្រជាពលរដ្ឋ និង​ពី​ប្រជាពលរដ្ឋ​មក​កាន់​ក្រុម​អ្នក​ដឹកនាំ​ប្រទេស​វិញ ដោយ​ធ្វើ​យ៉ាងណា​សម្រាយ​ខ្លឹមសារ​ដ៏​ស្មុគស្មាញ​ឲ្យ​ខ្លី និង​ងាយ​យល់​ទៅ​ឲ្យ​សាធារណជន​ទូទៅ​បាន​ជ្រាប ដោយ​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើម។

ជាក់ស្ដែង នៅ​ដើម​អាណត្តិ​របស់​រាជរដ្ឋាភិបាល​ថ្មី នីតិកាល​ទី៧នៃ​រដ្ឋសភា គេ​សង្កេត​ឃើញ និង​ឮ​នូវ​ពាក្យ​ថ្មីៗ​ជាច្រើន បន្ថែម​លើ​ពាក្យ​ថ្មីៗ​ដែល​ធ្លាប់​បាន​ឃើញ និង​ឮ​កាល​ពី​អាណត្តិ​មុន​ដូចជា៖ ​សង្គតិ​ភាព បរិយាបន្ន និង បរិវត្ត​កម្ម​ឌីជីថល ជាដើម។ តើ​ពាក្យ​ទាំងនេះ មាន​អត្ថន័យ​ដូចម្ដេច?

សង្គតិ​ភាព៖ ពាក្យ​នេះ​ភាគច្រើន​ប្រើ​នៅ​ក្នុង​កិច្ចការ​បរទេស នៅ​ពេល​ដែល​ធ្វើ​ទំនាក់ទំនង​គ្នា ដើម្បី​ទាញ​យក​ផល​ប្រយោជន៍ និង​ធានា​មិន​ឲ្យ​មាន​ការ​រំលោភ​បំពាន​គ្នា។ ក្នុង​បរិបទ​នេះ សង្គតិ​ភាព សំដៅ​ដល់​ទំនាក់ទំនង​ស្មើ​ភាព​គ្នា បម្រើ​ដល់​ផល​ប្រយោជន៍ គឺ​ការ​បំពេញ​តម្រូវការ​ដល់​គ្នា​ទៅវិញ​ទៅមក​រវាង​រដ្ឋ និង​រដ្ឋ, រដ្ឋ និង​សហគមន៍​អន្តរជាតិ។

ពាក្យ​នេះ​ក៏​ត្រូវ​បាន​យក​មក​ប្រើ​ក្នុង​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែរ ដែល​វា​មាន​អត្ថន័យ​ថា គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​អនុវត្ត​តាម​គោលការណ៍​តែ​មួយ មិន​ត្រួត ឬ​ជាន់​តួនាទី​គ្នា បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក និង​ប្រទាក់​ក្រឡា​គ្នា​ជា​ប្រព័ន្ធ។

ពាក្យ សង្គតិ​ភាព វា​ត្រូវ​គ្នា​នឹង​ភាសា​បរទេស Consistency ។ ហើយ​គេ​តែង​ឮ​ការ​អាន ឬ​និយាយ​ថា «សង់ គត់ ភាព» ប៉ុន្តែ​គួរ​តែ​អាន​និយាយ​ថា «ស័ង គៈ តិ ភាព» វិញ ដើម្បី​ឲ្យ​ត្រូវ​ទៅ​តាម​រូបរាង​នៃ​ពាក្យ។

បរិយាបន្ន៖ ក្នុង​ន័យ​ត្រង់ គឺ​ជា​ការ​រួម​បញ្ចូល​គ្នា ឬ​ការ​រួម​គ្នា។ ប៉ុន្តែ​ន័យ​ជា​សកល​វិញ គឺ​សំដៅ​ដល់ ​ការ​លើក​កម្ពស់​​ស្ថានភាព​របស់​បុគ្គល និង​ក្រុម​នានា ក្នុង​ការ​ចូលរួម និង​ទទួល​ផល​ពី​សកម្មភាព​នានា​របស់​សង្គម​ដោយ​មិន​រើសអើង។

ពាក្យ​នេះ គេ​សង្កេត​ឃើញ​មាន​ប្រើ​ក្នុង​សន្ទរកថា និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា នៃ​កិច្ចការ​នយោបាយ​ដឹកនាំ​ប្រទេស​ផ្ទៃ​ក្នុង។ បរិយាបន្ន (មិន​ត្រូវ​សរសេរ បរិយាប័ន្ន ទេ) អាន​ថា «ប៉ៈ រ៉ិ យ៉ា ប័ន» វា​ត្រូវ​គ្នា​នឹង​ពាក្យ​បរទេស​ថា Inclusiveness

បរិវត្ត​កម្ម​ឌីជីថល៖ យើង​ធ្លាប់​តែ​ឮ​ពាក្យ បរិវត្ត មាន​ន័យ​ថា កែប្រែ កែសម្រួល កែទម្រង់ (បើ​ជា​នាម បរិវត្តន៍​) ។ ចុះ​ពាក្យ​បរិវត្ត​កម្ម​ឌីជីថល មាន​ន័យ​ដូចម្ដេច? បច្ចុប្បន្ន​នេះ ពិភពលោក​បាន​កំណត់​ថា​ជា​យុគ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ស្រទាប់​សង្គម​មនុស្ស​ទូទាំង​ពិភពលោក ចង់ ឬ​មិន​ចង់​កម្ពុជា​ក៏​ត្រូវ​រង​ឥទ្ធិពល​នេះ​ផង​ដែរ ហើយ​ត្រូវ​សម្រប​ខ្លួន ទទួល​យក និង​ទាញ​យក​ផលប្រយោជន៍​ផ្លាស់ប្ដូរ​អស់​ទាំងនេះ។ ជាមួយគ្នា​នេះ បច្ចេកវិទ្យា​ឌីជីថល បាន​ដើរ​តួ​នាទី​ស្នូល និង​ជា​ចលករ​ដ៏​សំខាន់​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម សង្គម ដែល​ត្រូវ​ជំរុញ​ឲ្យ​ការ​ធ្វើ​នយោបាយ​គ្រប់​គ្រង​ប្រទេស ត្រូវតែ​សមស្រប​ទៅ​នឹង​បរិការណ៍​ទាំងអស់​នេះ​ដែរ។ដូច្នេះ​យើង​អាច​និយាយ​ឲ្យ​ងាយ​យល់​ថា សកម្មភាព​សេដ្ឋកិច្ច សង្គម និង​នយោបាយ ត្រូវ​បាន​កែសម្រួល​ពី​របៀបរបប​ពី​មុន មក​ដំណើរការ​ដោយ​មាន​ការ​ចូលរួម​ពី​បច្ចេកវិទ្យា​ឌីជីថល​។ នេះ​ហើយ​គេ​ហៅ​ថា បរិវត្ត​កម្ម​ឌីជីថល ត្រូវ​នឹង​ពាក្យ​បរទេស​ថា Digital Transformation ដែល​និយាយ​ឲ្យ​ងាយ​យល់​ថា ធ្វើ​កំណែទម្រង់​លើ​គ្រប់​វិស័យ​ឲ្យ​ទៅ​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.