ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុក សម្ភារៈ ស្លាក ផ្ទាំងប៉ាណូ មួយកន្លែងយ៉ាងសន្ធសន្ធៅ ខូចខាតទាំងស្រុង អស់ទាំងម៉ូតូចំនួន២គ្រឿងទៀត ផ្តើមចេញពីទុស្សេខ្សែភ្លើង ខណៈដែលក្រុមជាង កម្មករ កំពុងធ្វើការងារនៅអគារខាងមុខ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរាគមន៍ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុមហ៊ុនធ្វើស្លាកយុីហោ ប៉ាណូ ផ្សាយពាណិជ្ជកម្ម មួយកន្លែងក្នុងភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ឃ្លាំងដែលទទួលរងភ្លើងឆាបឆឆេះ សង់ពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ១២ម៉ែត្រx៣០ម៉ែត្រ មានម្ចាស់ឈ្មោះ ជា សុគន្ធ ភេទប្រុស អាយុ៤៥ឆ្នាំ អ្នកគ្រប់គ្រងឈ្មោះ សាម ភក្តី រងខូចខាតអស់ឃ្លាំងស្តុកមួយខ្នងទាំងស្រុង ទាំងសម្ភារៈ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ទីតាំង ក្រុមហ៊ុន តម្លើងស្លាកហុីហោ ផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្ម ខាងលើ កម្លែងផលិត និងតម្លើង មាន៣ខ្នង និងឃ្លាំងមួយខ្នងនៅផ្នែកខាងក្រោយ មានកម្មករ ជាង ចំនួន៩នាក់ ហើយមុនកើតហេតុ ខណៈដែល ឃ្លាំងខាងក្រោយ បិទទ្វារ ម្ចាស់រៀបនឹងចេញទៅខេត្ត ហើយក្រុមជាងក៏កំពុងធ្វើការងារនៅអគារខាងមុខ ស្រាប់តែទុស្សេខ្សែភ្លើងចេញពីបន្ទប់សម្រាក ឆេះខ្សែរាលចូលសល់ក្នុងឃ្លាំងស្តុក ផ្នែកខាងក្រោយ ដោយសារមានគ្រឿងឈើ ក្តាកុងប្លាកេផង ភ្លើងឆេះកាន់តែខ្លាំងឡើង បង្កឱ្យផ្អើលឆោឡោ កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការក្រុងភ្នំពេញ និងរថយន្តការិយាល័យ បង្កនិងពន្លត់អគ្គិភ័យ ចំនួន១១គ្រឿងចេញទៅជាបន្តបន្ទាប់ ពន្លត់ភ្លើង ។

ឃ្លាំងស្តុកសម្ភារៈមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ រងខូចខាតអស់ទាំងស្រុង ឆេះអស់ម៉ូតូចំនួន២គ្រឿង សង់កូរ៉េមួយគ្រឿង ម៉ាស៊ូរ៉ូស មួយគ្រឿង តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ៕

Share.