មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងតាមរយៈសេចក្តីបំភ្លឺរបស់ខ្លួននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ថា ការយកករណីមរណភាពស្ត្រីអាយុ ៤៣ឆ្នាំ ទៅធ្វើជាបទចម្រៀង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃក្រុមគ្រូពេទ្យ។

យោងតាមសេចក្តីបំភ្លឺនោះបានឱ្យដឹងថា បន្ទាប់ពីមានករណីមរណភាពស្ត្រីអាយុ ៤៣ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៥៖៤០នាទី និងបានទទួលមរណភាព កាលពីថ្ងៃទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឃើញមានការចុះផ្សាយព័ត៌មានក្នុងបណ្តាញសង្គម ដោយធ្វើជាបទចម្រៀង «យុត្តិធម៌ម្តាយខ្ញុំ» និងមានការចែករំលែកបន្ត ក្នុងចេតនាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃក្រុមគ្រូពេទ្យ ថែទាំព្យាបាលនៅអង្គភាពមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងទាំងមូល។

បើតាមមន្ទីរសុខាភិបាលខេត្តបាត់ដំបង ការលើកឡើងក្នុងបទចម្រៀងនេះ មិនបានឆ្លុះ បញ្ចាំងតថភាពជាក់ស្តែង ដែលជាការពិតក្នុងស្ថានភាពដែលក្រុម ការងារថែទាំ ព្យាបាលនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ខិតខំជួយសង្គ្រោះអាយុជីវិតទាំងម្តាយ និងកូននោះទេ។

សេចក្តីបំភ្លឺដដែលបានបញ្ជាក់ថា បន្ទាប់ពីបានចុះអង្កេតស្រាវជ្រាវលើហេតុការណ៍នេះ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ និងមានការធ្វើអធិការកិច្ចជាបន្តបន្ទាប់ពី ក្រសួងសុខាភិបាល ពីគណៈគ្រូពេទ្យជាតិកម្ពុជា និងពីរដ្ឋបាលខេត្តបាត់ដំបង បានរកឃើញដូចខាងក្រោម៖

១៖ ចំពោះបុគ្គលិកថែទាំព្យាបាលនៅថ្ងៃកើតហេតុ

ក្រុមការងារជំនាញអង្កេតស្រាវជ្រាវ និងអធិការកិច្ច បានរកឃើញការខ្វះចន្លោះរបស់បុគ្គលិកមួយចំនួន ក្នុងភារកិច្ចវេនយាមប្រចាំការនៅថ្ងៃកើតហេតុ។

ឆ្លើយតបទៅនឹងចំណុចខ្វះចន្លោះនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងរដ្ឋបាលខេត្តបាត់ដំបង បានចាត់វិធានការតឹងរឹង និងដាក់វិន័យដល់បុគ្គលិកពាក់ព័ន្ធ ដែលធ្វេសប្រហែសក្នុងការផ្តល់សេវា ព្រមទាំងបាន និងកំពុងរៀបចំសម្រួលភារកិច្ច និងចាត់តាំងថ្នាក់ដឹកនាំគ្រប់គ្រងអង្គភាពមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាថ្មី សំដៅធ្វើឱ្យបានប្រសើរ ឡើងក្នុងការបម្រើសេវាថែទាំព្យាបាល ជូនប្រជាពលរដ្ឋ ដោយមានការតាមអភិបាលកិច្ចយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងគណៈអភិបាលខេត្ត។

២៖ ចំពោះករណីអ្នកជំងឺ
ជាស្ត្រីអាយុ ៤៣ឆ្នាំ ពពោះចំនួន៧ដង (elderly grand multiparity) ដែលមានជំងឺប្រចាំកាយ លើសសម្ពាធឈាម ឡើងជាតិស្ករ និងសម្រាលកូនក្នុងស្ថានភាពជំងឺខ្សោយតម្រងនោមស្រួចស្រាល់ និងខ្សោយថ្លើមធ្ងន់ធ្ងរ ឡើងជាតិពុលដល់ប្រព័ន្ធខួរក្បាល បណ្តាលឱ្យសន្លប់បាត់ស្មារតី បន្លប់បាត់ស្មារតី វីវត្តធ្ងន់ធ្ងរពាក់ព័ន្ធនឹងផលវិបាកជំងឺរ៉ាំរ៉ៃ និងមានផ្ទៃពោះ នៅ វ័យចំណាស់ដែលជាកត្តាប្រឈមនឹងហានិភ័យខ្ពស់ បានទទួលមរណភាពក្នុងរោគវិនិច្ឆ័យ «ពុលប្រព័ន្ធខួរក្បាលដោយ សារថ្លើម និងខ្សោយតម្រងនោមស្រួចស្រាល់ក្រោយសម្រាល» (Post partum hepatic encephalopathy with acuterenal failure)៕

Share.