សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា កម្ពុជាមិនមានការកំណត់ឆ្នាំរថយន្តមួយទឹកនាំចូលមកចែកចាយនៅក្នុងប្រទេសនោះឡើយ ប៉ុន្តែបានណែនាំឲ្យមានការពង្រឹងការត្រួតពិនិត្យប្រព័ន្ធបច្ចេកទេសរថយន្តជំនួសវិញ។

ការប្រកាសរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះបានធ្វើឡើងនាឱកាសសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល។

ការប្រកាសរបស់សម្តេចធិបតីនេះ ក៏ជាការឆ្លើយតបទៅនឹងយោលបល់ស្នើសុំមកសម្តេចទាក់ទងទៅនឹងការកំណត់ឆ្នាំផលិតរថយន្តមួយទឹកដែលត្រូវនាំចូលមកចែកចាយនៅកម្ពុជាពោលគឺនៅឆ្នាំ២០២៤ហាមនាំចូលរថយន្តដែលមានអាយុកាលផលិតលើសពី១០ឆ្នាំ នៅឆ្នាំ២០៣០ នឹងមានការហាមចូល រថយន្តដែលមានអាយុកាលផលិតលើសពី៥ឆ្នាំដើម្បីធានាឲ្យមានរថយន្តថ្មីល្អនិងផលប៉ះពាល់បរិស្ថាន។

នៅពេលដែលមជ្ឈដ្ឋានមួយចំនួនបានបង្ហាញក្តីបារម្ភថា ការអនុញ្ញាតឲ្យនាំចូលរថយន្ត ដោយសេរីនឹងអាចបង្កឲ្យប៉ះពាល់ដល់ទីផ្សាររថយន្តថ្មីនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការណ៍នេះនឹងមិនមានបញ្ហានោះឡើយ ឲ្យតែទីផ្សាររថយន្តថ្មីមានតម្លៃ សមរម្យនិងមានគុណភាព។

ការអនុញ្ញាតឲ្យមានការនាំចូលរថយន្តមួយទឹកដោយសេរី ត្រូវក្រុមអ្នកតាមដានស្ថានការណ៍សង្គមលើកឡើងថា ជាដើមចមដ៏សំខាន់មួយដែលនាំឲ្យមានការកកស្ទះចរាចរណ៍ដោយសារកំណើនយានយន្តនៅតាមដងផ្លូវនានារួមទាំង បង្កការគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

Share.