ភ្នំពេញ៖ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៤ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារព្រៃសម១ ជាបណ្ដោះអាសន្នពីបទ ប៉ុនប៉ងឃាតកម្ម និងចែកចាយរូបភាពអាសអាភាស តាមមាត្រា២៧ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ មាត្រា៣៩ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ជនត្រូវចោទឈ្មោះ ជិន ថៃ ហៅ ម៉េង ឡុង ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្នាក់នៅ ផ្ទះជួលលេខ១១១ ផ្លូវលូ៥ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៤ នៅផ្សារស្ទឹងមានជ័យចាស់។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌពីបទ.ប៉ុនប៉ងមនុស្សឃាតដោយចេតនា និងចែកចាយរូបភាពអាសអាភាស តាមបណ្តឹងរបស់ជនរងគ្រោះភេទស្រីអាយុ៣២ឆាំ ជនជាតិខ្មែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យនៅតំណាក់កាលសមត្ថកិច្ច បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៣ ខ្លួនពិតជាបានយកខ្សែកាត មករឹតកជនរងគ្រោះបណ្តាលឲ្យសន្លប់ ហើយក៏ធ្លាប់បានយករូបភាពអាវុធខ្លីយកទៅបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកគំរាមកំហែងជនរងគ្រោះ និងបានបង្ហោះរូបភាពអាក្រាតកាយរបស់ជនរងគ្រោះទៅលើបណ្ដាញសង្គមហ្វេសប៊ុកពិតប្រាកដមែន៕

អត្ថបទ៖ ចតុមុខ

Share.