គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៧ មក​ដល់​ឆ្នាំ ២០២៤ នេះ យន្តការ​ច្រកចេញ​ចូល​តែ​មួយ ដែល​រាជរដ្ឋាភិបាល​បាន​បង្កើត​ឡើង ដើម្បី​សម្រួល​ដល់​ការ​ផ្ដល់​សេវា​រដ្ឋបាល​នៅ​តាម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ មាន​រយៈ​ពេល​៧​ឆ្នាំ​ហើយ​។ ប៉ុន្តែ​បើ​គិត​ពី​ដំណើរការ​ពេញលេញ​តែម្ដង គឺ​នៅ​ត្រី​មាស​ទី​៤ នៃ​ឆ្នាំ ២០១៨ ឯនេះ​។ ហើយ​បច្ចុប្បន្ន​យន្តការ​ច្រក​ចេញចូល​តែ​មួយ ដែល​ដំណើរការ​បាន​រលូន និង​ល្អ​ប្រសើរ​នោះ​គឺ​នៅ​ថ្នាក់ រាជធានី ខេត្ត និង​ក្រុង ស្រុក ខណ្ឌ​។ ដោយឡែក​នៅ​ថ្នាក់​ឃុំ​សង្កាត់​ហាក់​នៅ​មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ តែ​យ៉ាង​ណា​រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​យន្តការ​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​ថ្នាក់​រដ្ឋបាល​ឃុំ​សង្កាត់ គ្រប​ដណ្ដប់​នៅ​ទូទាំង​ប្រទេស តាម​ដំណាក់កាល​ៗ​។

យោង​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម សន ប្រាថ្នា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា គិត​ចាប់​តាំង​ពី​ត្រីមាស​ទី​៤​ឆ្នាំ ២០១៨​រហូត​ដល់​ដាច់​ឆ្នាំ ២០២៣ អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ រាជ ខេត្ត បាន​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣ ២២៥ ២៦៧ សេវា និង​ទទួល​បាន​ចំណូល​ពី​សេវា​ទាំង​នោះ ចំនួន ៤៥៤ ៤៩៥ ៨៩៥ ៥៥១ រៀល ស្មើ​នឹង​ប្រាក់​ដុល្លារ ១១៣ ៦២៣ ៩៧៩ ដុល្លារ​។

ក្នុង​រយៈ​ពេល​ដូច​គ្នា ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៅ​តាម ក្រុង ស្រុក ខណ្ឌ បាន​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន ១៥ ០៧៣ ២០៨ សេវា និង​ទទួល​បាន​ចំណូល​ពី​ការ​បង់​ថ្លៃ​សេវា​ចំនួន ១៥៩ ៣៩៧ ៥៥០ ៧៦០ រៀល បើ​គិត​ជា​ប្រាក់​ដុល្លារ​ប្រមាណ​ជា ៣៩ ៨៤៩ ៣៨៧ ដុល្លារ​។

ប្រសិនបើ គិត​ជា​មធ្យម​ចំណូល ដែល​បាន​ពី​សេវា​ច្រក​ចេញចូល​តែ​មួយ ក្នុង​មួយ​ឆ្នាំ​ៗ ខ្ទង់ ២០​លាន​ដុល្លារ​នៅ​ថ្នាក់​រាជ​ធានី ខេត្ត និង ៥​លាន​ដុល្លារ​នៅ​ថ្នាក់ ក្រុង ស្រុក ខណ្ឌ​។ ចំណូល​ទាំង​នេះ ប្រមាណ​ជា ៨០ ទៅ​៩០​ភាគរយ​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់ការអភិវឌ្ឍ​នៅ​ក្នុង​ដែន​រដ្ឋបាល​សាមី​នីមួយៗ ហើយ​១០ ទៅ​២០ ភាគរយ សម្រាប់​បែង​ចែក​ទៅ​កាន់​មន្ត្រី​ដែល​បម្រើការ​នៅ​ក្នុង​រដ្ឋបាល​សាមី​ទាំង​នោះ​។

រាជរដ្ឋាភិបាល​បាន​បង្កើត​យន្តការ​ច្រកចេញ​ចូល​តែមួយ សម្រាប់​ការ​ផ្ដល់​សេវា​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៧ ដែល​យន្តការ​នេះ​បែងចែក​ជា​បី​ថ្នាក់​គឺ អង្គភាព​ច្រក​ចេញចូល​តែ​មួយ​នៅ​រដ្ឋបាល​រាជធានី ខេត្ត ការិយាល័យ​ច្រក​ចេញចូល​នៅ​តាម​ក្រុង ស្រុក ខណ្ឌ និង​យន្តការ​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​តាម​ឃុំ សង្កាត់​។

យន្តការ​ច្រក​ចេញ​ចូល​តែ​មួយ​បង្កើត​ឡើង ដើម្បី​លើក​កម្ពស់​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យ​ភាព នៃ​ការ​ផ្ដល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​ការ​ប្រមូល​ផ្ដុំ​ការ​ផ្ដល់​សេវា​រដ្ឋបាល​លើ​វិស័យ​នានា​នៅ​កន្លែង​តែ​មួយ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល និង​ឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.