ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០០៖៤០នាទី កម្លាំងជំនាញ(ក៣)នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តព្រះសីហនុ ដោយមានការដឹកនាំ និងសម្របសម្រួល ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីកែច្នៃ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៣គោលដៅ៖ គោលដៅទី១ តាមបណ្តោយផ្លូវលំ ក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី២ នៅក្នុងផ្ទះពុំមានលេខ ផ្លូវលំ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី៣ នៅក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស៩នាក់ (ស្រី២នាក់) (វៀតណាម២នាក់ ចិន៦នាក់ និងខ្មែរ១នាក់ ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទអ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៥ គ.ក្រ ៤២៣.០២ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៤៦ គ.ក្រ ០៩០ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៩ គ.ក្រ ៣៣៩.៣០ក្រាម, សារធាតុញៀនសរុបទម្ងន់ ៦០ គ.ក្រ ១៤៦.៦៥ក្រាម
សារធាតុគីមីផ្សំទម្ងន់សរុប ៥២ គ.ក្រ ៨៤៧ក្រាម។ ។ រថយន្ត ៥ គ្រឿង, អាវុធខ្លី ២ដើម, លុយអាមេរិក ១៥,០០០ដុល្លារ, ទូរស័ព្ទដៃ ១១ គ្រឿង និង iPad ១គ្រឿង, គ្រឿងអលង្ការមួយចំនួនទៀត ។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី​៕

អត្ថបទ៖ ចតុមុខ

Share.