ពានរង្វាន់​បាល់ទះ​​ពិភពលោក កម្រិត​ទី២ ឈ្មោះ​ថា FIVB Men’s Volleyball Challenger Cup ក្នុង​ឆ្នាំ​២០២៤ មាន​ក្រុម​តាម​បណ្តា​ទ្វីប​នានា​ចូលរួម​ចំនួន ៨​ក្រុម​ ស្រប​ពេល​ដែល​ក្រុម​បាល់ទះ​បុរស​របស់​ចិន និង​កាតារ មាន​ឈ្មោះ​តំណាង​ឱ្យ​ទ្វីប​អាស៊ី ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ពានរង្វាន់​មួយ​នេះ ស្វែង​រក​កៅអី​ឡើង​ទៅ​លេង​ក្នុង​ពានរង្វាន់​កម្រិត​ទី​១​ប្រចាំ​ពិភពលោក FIVB Men’s Volleyball Nations League ក្នុង​រដូវកាល​ក្រោយ។

ក្រុម​​បាល់ទះ​ដែល​មាន​ឈ្មោះ​ចូល​រួម​ទាំង​៨​ក្រុម​នោះ​មាន៖
១) អេហ្ស៊ីប (ចំណាត់ថ្នាក់​ពិន្ទុ​ខ្ពស់​ជាង​គេ​ប្រចាំ​ទ្វីប​អាហ្វ្រិក)
២) ឈីលី (ចំណាត់ថ្នាក់​ពិន្ទុ​ខ្ពស់​ជាង​គេ​ប្រចាំ​ទ្វីប​អាមេរិកខាងត្បូង)
៣) ម៉ិចស៊ីកូ (ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ជើង 2023 NORCECA Final Four champions)
៤) កាតារ (ជើង​ឯក​​ទ្វីប​អាស៊ី 2024 Asian Challenge Cup)
៥) អ៊ុយក្រែន (ជើង​ឯក​ទ្វីប​អឺរ៉ុប 2024 European Golden League)
៦) ក្រូអាត (ជើង​ឯក​រង​ទ្វីប​អឺរ៉ុប 2024 European Golden League)
៧) បែលហ្សិក (ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​​បញ្ជី​​ពិភពលោក)
៨) ចិន (ម្ចាស់​ផ្ទះ)

កីឡដ្ឋាន Linyi Olympic Sports Park Stadium

ពានរង្វាន់​បាល់ទះ​​ពិភពលោក កម្រិត​ទី២ ឈ្មោះ​ថា FIVB Men’s Volleyball Challenger Cup ក្នុង​ឆ្នាំ​២០២៤ គ្រោង​ធ្វើ​ឡើង​នៅ​ទី​ក្រុង​Linyi ប្រទេស​ចិន ពី​ថ្ងៃ​ទី​៤ ដល់​៧ ខែកក្កដា ឆ្នាំ​២០២៤ ខាង​មុខ ដោយ​ចាប់​ឆ្នោត​ជ្រើសរើស​គូ​ប្រកួត​ចាញ់​ធ្លាក់​តែ​ម្តង ក្នុង​នោះ៖
គូ​ទី១៖ ចិន ប៉ះ ម៉ិចស៊ីកូ
គូ​ទី២៖ អេហ្ស៊ីប ប៉ះ កាតារ
គូ​ទី៣៖ អ៊ុយក្រែន ប៉ះ ឈីលី
គូ​ទី៤៖ បែលហ្សិក ប៉ះ ក្រូអាត

ក្រុមកាតារ ម្ចាស់ជើង FIVB Men’s Volleyball Challenger Cup

ក្រុម​ឈ្នះ​បន្ត​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ ស្វែង​រក​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ ខណៈ​តាម​ផែនការ​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ក្នុង​ពានរង្វាន់​បាល់ទះ​កម្រិត​ទី១​ពិភពលោក FIVB Men’s Volleyball Nations League ពោល​គឺ​ជំនួស​ក្រុម​ដែល​កាត់​ចេញ​ពី​ពានរង្វាន់​នេះ​ផ្ទាល់​តែ​ម្តង។

ចំណែក​ពានរង្វាន់ FIVB Men’s Volleyball Nations League ឆ្នាំ​២០២៤ កំពុង​តែ​ដំណើរការ​ប្រកួត​នៅ​ឡើយ ដោយ​ក្នុង​នោះ​មាន​ក្រុម​​ចំនួន​១៦​ក្រុម ដូចជា អាហ្សាង់ទីន, ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, គុយបា, បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ហុល្លង់, ប៉ូឡូញ, ស៊ែប៊ី, ស្លូវ៉ានី, តួកគី និង​សហរដ្ឋអាមេរិក។

ក្រុមបាល់ទះបុរសចិន

យ៉ាងណាក្តី​គេ​រង់ចាំ​មើល​ថា​តើ​ពានរង្វាន់ FIVB Men’s Volleyball Nations League ឆ្នាំ​២០២៥ នឹង​មាន​ការ​ផ្លាស់ប្តូរ​បែបណា​ទៀត ខណៈ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ចង់​តំឡើង​ក្រុម​ចូលរួម​ឱ្យ​បាន​១៨​ក្រុម ដោយ​យក​ជើង​ឯក​ពី​​ពានរង្វាន់ FIVB Men’s Volleyball Challenger Cup ចំនួន១ក្រុម និង​១ក្រុម​ទៀត​រាប់​យក​ពី​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ពិភពលោក World Ranking ល្អ​ជាង​គេ៕

Share.