ទន្ទឹម​ទៅនិងការរីក​ចម្រើន​នូវ​វិស័យ​បាល់ទាត់​កម្ពុជានាពេល​បច្ចប្បន្ន ថ្មី​ៗ​នេះ​ស្រុកក្រគរ ខេត្តពោធិ៍​សាត់ ទទួលបានការអភិវឌ្ឍថ្មី​មួយ​ទៀត ដោយ​ការ​កសាង​មជ្ឈមណ្ឌលកីឡដ្ឋានតេជោ នៅ​លើទី​តាំង​អតីតវាលយន្តហោះដែលប៉ុល ពត ឈូសចោលយកមកធ្វើស្រែ។

ការ​បង្ហាញ​ពី​ការកសាង​មជ្ឈមណ្ឌលកីឡដ្ឋានតេជោ នេះ​យើង​តាម​ការបង្ហាញ​នៅ​លើក​ហ្វេស​បុក​របស់​រដ្ឋស្រុក​ក្រគរ កាល​ពី​ថ្ងៃទី១ ខែកក្កដា កន្លង​ទី ស្ដី​ពី​ពិធីបើកការដ្ឋានសាងសងពហុកីឡដ្ឋាន សម្តេចតេជោក្រគរ។

ការ​កសាង​មជ្ឈមណ្ឌលកីឡដ្ឋានតេជោ ត្រូវ​បាន​ធ្វើ​ឡើង​លើទំហំផ្ទៃដី ២៥១ ៥៣៧ ម៉ែត្រការ៉េ ស្ថិត​នៅភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ រតនៈ រដ្ឋ​មន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូល​ដ្ឋាន​ខេត្ត​ពោធិ៍​សាត់។

រំលឹក​ថា នេះ​គឺ​ជាសញ្ញា​ថ្មី​មួយ​នៅ​កម្ពុជា ក្នុង​ការ​ធ្វើ​អោយ​វិស័យ​កីឡាបាល់ទាត់​កាន់​តែ​មាន​ភាព​រីក​ចម្រើន។ ខណ:នាពេល​កន្លង​មក​សហព័ន្ធ​កីឡា​បាល់ទាត់​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​ដើម្បី​ដាក់​ចេញ​​ផែន​ការ​​អភិវឌ្ឍ​បាល់ទាត់​កម្ពុជា​ឆ្ពោះ​ទៅ​គោល​ដៅ​ធំ​នៅ​ឆ្នាំ​២០៣៨។

ក្នុង​នោះ​ដែរ ក្រុម​ហ៊ុន ខេមបូឌានព្រីមៀរលីគ​ ​បានបង្ហាញ​ពី​កម្រង​រូបភាពនៃ​កិច្ចប្រជុំពិភាក្សា ជាមួយប្រធានក្លិប និងអគ្គលេខាធិការក្លិបបាល់ទាត់ នៃ​ជម្រើស​ជើងឯកខេមបូឌានព្រីមៀរលីគ និងជម្រើស​ជើង​ឯក​កម្ពុជាលីគ២ ​កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ខ្លឹម​សារ​​លំអិត​នៃ​កិច្ច​ប្រជុំ​មិន​ត្រូវ​បាន​បង្ហាញ​ឡើយ ប៉ុន្តែ​តាម​រយៈ​រូបភាព​​គឺ​បង្ហាញ​គោល​ដៅខេត្តមួយមានក្លិបមួយ និងកីឡដ្ឋានមួយ នៅ​ឆ្នាំ​២០៣៨។

គួរបញ្ជាក់ថា ការ​ដាក់​ផែន​ការ​នេះ​​អាច​និយាយ​បាន​ថា ជា​កម្រិត​ស្តង់ដា​សម្រាប់​ការ​អភិវឌ្ឍ​វិស័យបាល់ទាត់​នៅកម្ពុជា ពី​ព្រោះ​ខេត្ត​នីមួយ​ៗ​មាន​ក្លិប​បាល់ទាត់​អាជីព​មួយ មាន​កីឡដ្ឋាន​ស្តង់ដា​មួយ ដូច្នេះ​អ្នក​គាំទ្រ​ខេត្ត​នីមួយ​ៗ​នឹង​មាន​ក្លិប​បាល់ទាត់​ដែល​ខ្លួន​ស្រឡាញ់​​រៀង​ៗ​ខ្លួន​ពិត​ប្រាកដ នាពេល​ខាង​មុខ៕

Share.