អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ(សុខៈ) បានបដិសេធព័ត៌មានមិនពិតផ្សព្វផ្សាយតាមបណ្តាញសង្គមថា  ឧកញ៉ាម្នាក់ដែលបានបាញ់សម្លាប់បុរសម្នាក់និងស្ត្រីម្នាក់ដែលត្រូវជាគូដណ្តឹងនឹងគ្នានៅក្នុងរាជធានភ្នំពេញកាលពីពេលថ្មីៗនេះ ត្រូវបានដោះលែង។

សម្រាប់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ ការលើកឡើងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Samdach Seng Ratana007 នោះគឺជាព័ត៌មានបំភ្លៃការពិតនិងមានចេតនាញុះញង់។លោកថា រហូតមកដល់ពេលនេះ សមត្ថកិច្ចព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃកំពុងបន្តនីតិវិធីទៅតាមក្រមព្រហ្មទណ្ឌជាធរមានមុននឹងបញ្ជូនសំណុំរឿងទៅកាន់តុលាការនាពេលឆាប់ៗ។

សូមរំលឹកថា មានករណីឃាតកម្មមួយបានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។

ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីម៉ាក បាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។

ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបើករថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-9923 រត់គេចខ្លួនបាត់។ រំលងបានប៉ុន្មានម៉ោងក្រោយ កម្លាំងនគរបាលជំនាញ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាប់ខ្លួនខ្មាន់កាំភ្លើងបានត្រឡប់មកវិញ នៅចំណុចស្រុកអង្គស្នូល ខេត្តកណ្ដាល ដោយដកហូតបានរថយន្ដដែលជាមធ្យោបាយធ្វើដំណើរ និងអាវុធខ្លីសម្រាប់ធ្វើសកម្មភាព រួមជាមួយគ្រាប់១៥គ្រាប់បន្ថែមទៀត៕

Share.