ភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធតរាយខ្សែភ្លើងចាប់ជាប់រុឺម៉កម៉ូតូលក់បន្លែ ការពារចោរលួច បែជាឆក់ក្មេងប្រុសម្នាក់ស្លាប់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយដឹកសពក្មេងរងគ្រោះទៅទម្លាក់ប្លុងចោលនៅក្បែរស្ពានព្រែកក្តាម ស្រុកពញាឮ ខេត្តកណ្តាល បន្តគេចខ្លួនទៅផ្ទះបងប្អូននៅឯខេត្តព្រះវិហារ ដឹងខ្លួនឯងរត់គេចមិនរួចពីសំណាញ់ច្បាប់ ទើបនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ចូលខ្លួនសារភាព នៅប៉ុស្តិ៍សំរោងក្រោម ហើយត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនទៅកន្លែងប្លុងសពនៅឯស្រុកពញាឮ ខេត្តកណ្តាល ។

ក្មេងរងគ្រោះមានឈ្មោះ សន វណ្ណា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ ។

តាមចម្លើយសារភាព ជនសង្ស័យបានតរាយខ្សែភ្លើងចាប់ជាប់នឹងរុឺម៉កលក់បន្លែ ដាក់ចតទុកមុខបន្ទប់ជួល ការពារចោរលួច ស្រាប់តែនៅវេលាម៉ោង១១យប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្មេងរងគ្រោះដើរទៅប៉ះ ឆក់បណ្តាលឱ្យស្លាប់ លុះដល់វេលាម៉ោង៤ទៀបភ្លឺ ចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យ២នាក់ប្តីប្រពន្ធក្រោកចេញពីបន្ទប់ ដើម្បីបើករុឺម៉កទៅរកទិញ លក់បន្លែនៅផ្សារជម្ពូវ័ន ស្រាប់តែឃើញក្មេងរងគ្រោះស្លាប់ ក៏លើកសពក្មេងទៅគ្របលាក់ទុកនៅដីវាលខាងក្រោយផ្ទះ ទិញទាំងសាំង គិតបម្រុងដុតសាកសពចោលបំបាត់ភស្តុតាង តែខ្លាចបែកការ ក៏លើកសពក្មេងដាក់លើរុឺម៉ក បើកតែម្នាក់ឯង ដឹករហូតដល់ក្បែរស្ពានព្រែកក្តាម បោះប្លុងចោល នៅដីវាលរួច លក់រុឺម៉កម៉ូតូ បានលុយ ធ្វើសោហុយ បន្តរត់គេចទៅផ្ទះបងប្អូននៅឯខេត្តព្រះវិហារ ។ ចំណែកប្រពន្ធវិញ បន្ទាប់ពីប្តី ដឹកសពក្មេងរងគ្រោះចេញទៅបាត់ហើយ ក៏ប្រមូលអីវ៉ាន់ចេញពីបន្ទប់ជួល រត់គេចខ្លួនទៅតាមក្រោយដែរ ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រត់គេចទៅដល់ខេត្តព្រះវិហារហើយ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តែបងប្អូនដឹងរឿងរ៉ាវ មិនអនុញ្ញាតិឱ្យស្នាក់នៅ ធ្វើឱ្យជនសង្ស័យរត់គេចបម្រុងទៅខេត្តប៉ៃលិន តែដឹងខ្លួន រត់មិនរួចពីសំណាញ់ច្បាប់ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ នាំគ្នាចូលខ្លួនសារភាពនៅប៉ុស្តិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ តែម្តង ។

ជនសង្ស័យក្រោយចូលសារភាព សមត្ថកុច្ចនាំខ្លួនទៅរកមើលកន្លែងបោះប្លុងសាកសពក្មេងរងគ្រោះចោល នៅឯក្បែរស្ពានព្រែកក្តាម ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.