ហាណូយ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នេះ ដើម្បីពិភាក្សាជាមួយមេដឹកនាំរបស់ប្រទេសនេះ បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងការពារជាតិជាមួយកូរ៉េខាងជើង ក្នុងដំណើរឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ចមកកាន់ប្រទេសចំនួន២ នៅតំបន់អាស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤។

យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា យន្តហោះរបស់លោក ពូទីន បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហាណូយ ជាកន្លែងដែលលោកត្រូវបានទទួលស្វាគមន៍ដោយកម្រាលព្រំក្រហម ដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ត្រាង ហុង ហា (Tran Hong Ha) និងអ្នកការទូតជាន់ខ្ពស់របស់បក្សកាន់អំណាច លោក លី ហយ ទ្រង់ (Le Hoai Trung) នៅរង់ចាំទទួលរាក់ទាក់។

នៅក្នុង​មតិ​មួយ​ដែលបាន​កំណត់​ពេល​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន ដែល​បាន​ចុះ​ផ្សាយ​ក្នុង​កាសែត​បក្ស​កុម្មុយនិស្ត​វៀតណាម «លោក Putin បាន​សាទរ​ដល់​ប្រទេស​វៀតណាម ​សម្រាប់​ការ​គាំទ្រមធ្យោបាយជាក់ស្តែង​ ដើម្បី​ដោះស្រាយ​វិបត្តិ ក្នុង​ប្រទេស​អ៊ុយក្រែន» ។

វៀតណាមដែលអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹតជាផ្លូវការ ដែលខ្លួនហៅថា «ការទូតដើមឫស្សី» ក្នុងទំនាក់ទំនងជាមួយមហាអំណាចពិភពលោក បានបដិសេធពីការថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ជាជំហរដែលបណ្តាប្រទេសលោកខាងលិច ចាត់ទុកដូចជា ការផ្ដល់ភាពងាយស្រួលចំពោះវិមានក្រឹមឡាំងពេក។

ទន្ទឹមនឹងការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលរបស់បក្សកុម្មុយនីស្ដវៀតណាម លោក ពូទីន នឹងចូលរួមពិធីដាក់កម្រងផ្កា រួមទាំងដាក់នៅទីបញ្ចុះសព លោក ហូជីមិញ មេដឹកនាំស្ថាបនិកវៀតណាមផងដែរ។

យ៉ាងណាម៉ិញ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ នឹងក្លាយជាប្រទេសទី៣ ដែលលោក ពូទីន បានទៅទស្សនកិច្ច បន្ទាប់ពីប្រទេសចិន និងកូរ៉េខាងជើង ចាប់តាំងពីលោក បានស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី សម្រាប់អាណត្តិទី៥ នៅក្នុងខែឧសភា ថ្មីៗនេះ។

វៀតណាម បានត្រៀមលក្ខណៈសម្រាប់ការស្វាគមន៍យ៉ាងពេញទំហឹង ចំពោះវត្តមានរបស់លោក ពូទីន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីឆ្នាំ២០១៧ មក ដែលសរុបតាំងពីពេលនោះមក គឺជាលើកទី៥ របស់លោក៕

ប្រភព៖ CNA

Share.