អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋ សិង្ហបុរី។

យោងតាមសេចក្តីប្រកាសនោះបានឲ្យដឹងថា ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡរ៉េន ម៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សិង្ហបុរី សម្តេច ធិបតី ត្រូវបានទទួល បដិសណ្ឋារកិច្ច ប្រកបដោយកិត្តិយស នៅវិមាន រដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។ ក្នុង ឱកាសនៃជំនួបទ្វេភាគីនេះ ថ្នាក់ដឹកនាំ ទាំងពីរ បានសម្តែងការពេញចិត្តចំពោះការ រីកចម្រើនយ៉ាងខ្លាំងនៃទំនាក់ទំនង រវាងប្រទេសទាំងពីរលើគ្រប់វិស័យ តាមរយៈការផ្លាស់ ប្តូរទស្សនៈរួមគ្នាអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់ តែស៊ីជម្រៅ និងពង្រឹងកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ខណៈដែលប្រទេសទាំងពីរគ្រោង នឹងប្រារព្ធ ខួប អនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតដ៏យូរអង្វែង នៅឆ្នាំ២០២៥ខាងមុខ។

ភាគីទាំងពីរមានជំនឿទុកចិត្តយ៉ាងមុតមាំ លើភាពជាដៃគូទ្វេភាគី និងឯកភាពគ្នាក្នុងការ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួម ដោយបានបញ្ជាក់ពីការគាំទ្រ និងចែករំលែក នូវបទពិសោធគា្នទៅវិញទៅមក លើវិស័យសំខាន់ៗ រួមមាន៖ (១) កិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ ដោយបន្តកិច្ចពិគ្រោះយោបល់ នយោបាយជាទៀងទាត់រវាងក្រសួង ការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែ ទូលំទូលាយបន្ថែមទៀត ក្រោយពីបានខកខានតាំងពីឆ្នាំ២០១៩ (២) កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដោយរៀបចំក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាពឱ្យកាន់ត ប្រសើរឡើង (៣) ការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលរួមមានការកសាងនូវ មូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់ពី សិង្ហបុរី-ខេត្តព្រះសីហនុ បន្ថែមលើជើងហោះហើរដែលមានស្រាប់ (៤) កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ថាមពល៖ ភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីរវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតក្រុមការងារថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទាំងបី និងលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត និង (៥) កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ និងសន្តិសុខ៕

Share.