ក្រុមបាល់ទះនារីប្រេស៊ីល និងជប៉ុន កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​ប្រកួតពាន​រង្វាន់​បាល់ទះ​ផ្នែក​នារីកម្រិតពិពភលោក ​ FIVB Volleyball Women’s Nations League ឆ្នាំ២០២៤ នៅវគ្គ ៨ក្រុម​ចុង​ក្រោយ។


មុនឡើងមកកាន់វគ្គនេះក្រុមបាល់ទះនារីជប៉ុន បាន​យក​ឈ្នះ​ក្រុម​នារីចិន ក្នុង​លទ្ធផល ៣-០ (21–25, 21–25, 22–25) ខណ:ក្រុមបាល់ទះនារី​ប្រេស៊ីល បាន​យក​ឈ្នះ​ក្រុម​នារី​ថៃ ក្នុង​លទ្ធផល ៣-០ (25–21, 25–20, 25–23)។​

ដោយឡែក​សម្រាប់​មួយគូទៀត គឺ​រង់​ចាំ​មើល​ប្រកួត​រវាង​ ក្រុមបាល់ទះនារីអ៊ីតាលី ត្រូវជួប សហ​រដ្ឋអា​មេរិក វេលាម៉ោង ៥:០០នាទីល្ងាច ក្រុមបាល់ទះនារីប៉ូឡូញ ត្រូវជួប តួកគី វេលាម៉ោង ៨:៣០​នាទីយប់ ថ្ងៃទី២១ មិថុនា ២០២៤ ក្រុម​ដែល​ឈ្នះ ​នឹង​ដឹក​ដៃគ្នាឡើង​ទៅជួប​នៅវគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃទី២២ មិថុនា។

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់​បាល់ទះ​កម្រិតពីភពលោកFIVB Volleyball Women’s Nations League ​ឆ្នាំ២០២៤ ត្រូវបាន​​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ដែល​ប្រព្រឹត្តិទៅ​​នៅទីក្រុងបាងកក ប្រទេស​ថៃ ដោយ​បានចាប់​ផ្ដើម​ដំណើរ​ការប្រកួតពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

ក្នុង​មាន​ក្រុម​មក​ពី​ ១៦ប្រទេសចូល​រួម​ ប្រកួតប្រជែង មានដូចជា៖ ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, ចិន, សាធារណរដ្ឋ​ដូ​មីនី​កែន, បារាំង, អាល្លឺម៉ង, អ៊ីតាលី, ជប៉ុន, ហូឡង់, ប៉ូឡូញ, ស៊ែប៊ី, កូរ៉េខាងត្បូង, តួកគី, សហរដ្ឋអាមេរិក និងថៃ។

ពានរង្វាន់ FIVB Volleyball Women’s Nations League ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.