ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ជាជនបរទេស ក្រោយពីកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន និងដកហូតបានថ្នាំញៀនទម្ងន់១៤៥គីឡូក្រាមរួចមក ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ត្រូវបានសមត្ថកិច្ចធ្វើការបង្ហាញមុខ នៅស្នងការនគរបាលរាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៥នាក់ ទី១ ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិតែវ៉ាន់ ស្នាក់នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ទី២ ឈ្មោះ ស៊ូ ឈិនហៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិតៃវ៉ាន់ ។ ទី៣ ឈ្មោះ ហ័ង ហឺជៀន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិតៃវ៉ាន់ ។ ទី៤ ឈ្មោះ ហ្វាង ចឹងជីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិតៃវ៉ាន់ ។ ទី៥ ឈ្មោះ ណូមូរ៉ា សូគីជី ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិជប៉ុន ។ ទាំង៤នាក់ ស្នាក់នៅចំណុចបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការខាងលើ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការបង្ក្រាបកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ខ្លួនបានជនសង្ស័យម្នាក់ ជនជាតិតៃវ៉ាន់ ដកហូតបានថ្នាំញៀន៣ដុំ ស្មើ៣គីឡូក្រាម នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។ លុះនៅវេលាម៉ោង២និង១០រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាប ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ទៀត ជនជាតិតៃវ៉ាន់៣នាក់ ជនជាតិជប៉ុន១នាក់ ដកហូតថ្នាំញៀនបានទម្ងន់១៤២គីឡូក្រាម ម្សៅសារធាតុផ្សំគ្រឿងញៀនចំនួន២គីឡូក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣, ឧបករណ៍សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន (ខ្នាត១គីឡូក្រាម) ចំនួន២០០កញ្ចប់ នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

ក្រោយពីបង្ក្រាបចាប់ខ្លួនបានជបសង្ស័យទាំង៥នាក់ រួមឃាមួយវត្ថុតាង នាំយកទៅសាកសួរនិងកសាងសំណុំរឿងនៅការិយាល័យជំនាញ ស្នងការក្រុងភ្នំពេញ លុះនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ងាញមុខជនសង្ស័យ មុននឹងបញ្ជូនខ្លួនទៅតុលាកា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.