អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៤នេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ដែលបានបណ្តាលឱ្យមានមនុស្ស ០២នាក់ បានស្លាប់ និង ០២នាក់ ទៀតរងរបួសកាលពីពេលថ្មីៗនេះ។

យោងតាមសេចក្តីប្រកាសនោះបានឲ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ដែលមាន ឈ្មោះ ស្រី ស៊ីណា ឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ មកកាន់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ពាក់ពន្ធ័នឹងករណីបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះឈ្មោះ ឡុង លីសុង ភេទប្រុស និង ឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ ព្រមទាំងឈ្មោះ ហុង រិទ្ធារ័ក្ស និងឈ្មោះ សុខុម រតនៈ បានរងរបួស ។

ក្រោយពីពិនិត្យលើសំណុំរឿង ព្រមទាំងស្តាប់ចម្លើយភាគីពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ៖ ក្នុងអំឡុងឆ្នាំ២០១៧ ឈ្មោះ ស្រី ស៊ីណា បានជួលផ្ទះលេខ២៤ ផ្លូវP-10F នៃបុរីប៉េងហួតបឹងស្ងោរឱ្យទៅឈ្មោះ សេងចាន់សុផាត និងឈ្មោះ សាន ស្រីពេជ្រ ។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ សាន ស្រីពេជ្រ មានជម្លោះជាមួយឈ្មោះ ឡុង លីសុង ដែលជាអ្នកជិតខាងរបស់ខ្លួនពីរឿងកាប់មែកស្វាយ វាយកំទេចផើងផ្កា និងស្មូខោអាវ លយចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ឡុង លីសុង ហើយឈ្មោះ សាន ស្រីពេជ្រ ក៏បានទូរស័ព្ទប្រាប់ទៅឈ្មោះស្រី ស៊ីណា ដើម្បីឱ្យមកជួយដោះស្រាយ ។ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀលឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះខាងលើដើម្បីដោះស្រាយ ហើយឈ្មោះ សាន ស្រីពេជ្រ ក៏បានឱ្យប្អូនប្រុសរបស់ខ្លួនឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង បើកឡានទៅយកឈ្មោះ ស្រី ស៊ីណា ពីកន្លែងចតឡាន ។ ពេលដែលឈ្មោះ សាន សុខចំរើន បាននាំឈ្មោះ ស្រី ស៊ីណា ទៅដល់ផ្ទះកើតហេតុរួចហើយ ឈ្មោះ សាន សុខចំរើន ក៏បានបើកឡានចេញពីផ្ទះកើតហេតុដើម្បីទៅយកកូនរបស់ឈ្មោះ សាន ស្រីពេជ្រ ដែលរៀនសាលាម្តុំវត្តនិរោធភ្លាមដែរ ។

ដោយឡែកឈ្មោះ ស្រី ស៊ីណា តែម្នាក់ឯងក៏បានចូលទៅក្នុងផ្ទះរបស់ឈ្មោះ ឡុង លីសុង ដើម្បីសួរនាំរឿងជម្លោះពីថ្ងៃមុន ។ ការជជែកគ្នាក៏បានឈានទៅដល់ជម្លោះពាក្យសម្តី ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លី ដែលសៀតនឹងចង្កេះបញ្ចូលគ្រាប់បាញ់ទៅលើឈ្មោះ ឡុង លីសុង ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ឃើញសភាពដូច្នេះនោះឈ្មោះ ឃីន កញ្ចនា បានស្ទុះទៅជួយតែត្រូវបានឈ្មោះ ស្រី ស៊ីណា បាញ់ចំនួន ០៣គ្រាប់ បណ្តាលឱ្យដួលទៅលើដី ដែលក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ចំណែកឯមនុស្សប្រុស ០២នាក់ទៀតដែលនៅក្នុងផ្ទះកើតហេតុជាមួយគ្នានោះ ក៏ត្រូវបានឈ្មោះ ស្រី ស្រី ស៊ីណា បាញ់សំដៅជាច្រើនគ្រាប់ទៀតបណ្តាលឱ្យរងរបួសដៃ និងជើង ។ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហាររួច ជនសង្ស័យឈ្មោះ ស្រី ស៊ីណា បានចាកចេញឆ្ងាយពីកន្លែងកើតហេតុហើយបានសុំអ្នកជិះម៉ូតូដែលធ្វើដំណើរតាមដងផ្លូវ ឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដើម្បីឱ្យជូនខ្លួនទៅកន្លែងចតឡានរួចបានបើកឡានគេចខ្លួន ។ បន្ទាប់ពីទទួលបានការ រាយការណ៍ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការ ស៊ើបអង្កេតស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យទាំង ០៣រូបខាងលើ រួចបញ្ជូនមកកាន់អយ្យការអមសាលា ដំបូងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ផ្អែកលើមូលដ្ឋានខាងលើ និងភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចចោទប្រកាន់ លើករណីនេះជា ០២សំណុំរឿង ៖

-សំណុំរឿងទី១ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ០២នាក់បានស្លាប់ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

-សំណុំរឿងទី២ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជន រងគ្រោះ ០២នាក់រងរបួស តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

ចំពោះឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ តំណាងអយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ ដោយហេតុថាបុគ្គលទាំងពីរនាក់នេះមិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ៕

Share.