នៅទីបំផុត មេខ្លោងធំដែលបានធ្វើសកម្មភាពអូសទាញពលរដ្ឋទទួលប្រាក់ពីក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធរូបិយបណ្ណឌីជីថល Binance ត្រូវនគរបាលជំនាញ ចាប់ខ្លួនបញ្ចូនទៅតុលាការ។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបានធ្វើការស្រាវជ្រាវអង្កេតយ៉ាងស៊ីជម្រៅ រហូតបង្រ្កាបករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់។

បុរសម្នាក់ដែល​ត្រូវ​បាន​ចាប​ខ្លួន​មាន​ឈ្មោះ ក រ.ស ភេទប្រុស ជាសិស្សនិស្សិត មានទីលំនៅក្នុងខេត្តកំពង់ធំ ត្រូវបានជនល្មើសដែលជាមេក្លោងអូសទាញ និងបញ្ជាឱ្យធ្វើសកម្មភាពទទួលប្រាក់ទទួលបានពីអំពើឆបោកប្រជាពលរដ្ឋ តាមរូបភាពវិនិយោគក្នុងបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម ហើយបំប្លែងជារូបិយបណ្ណឌីជីថល (Crypto currentcy) តាមកម្មវិធី Binance។ បច្ចុប្បន្ន ជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំឭកដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការអូសទាញពីជនអនាមិកក្នុងការវិនិយោគដែលគ្មានប្រភពច្បាស់លាស់ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជាមធ្យោបាយឆបោក ដែលនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ និងខាតបង់ប្រាក់ ហើយសូមកុំធ្វើជាបុគ្គលិក ឬភ្នាក់ងារទទួលប្រាក់ ដែលគ្មានប្រភពច្បាស់លាស់ អាចបណ្តាលឱ្យខ្លួនក្លាយជាសហចារី ដែលនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

Share.