ខណៈ​កម្មករ កម្មការិនី ធ្វើ​ការ​ក្នុង​រោងចក្រ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ប្រព័ន្ធ ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​កក់ក្ដៅ​ពី​រាជរដ្ឋាភិបាល និង​មាន​ការ​គាំទ្រ​ពី​ស្ថាប័ន អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដោយ​ពួក​គេ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​សមរម្យ អត្ថប្រយោជន៍​ផ្សេង និង​ទទួល​បាន​របប​សន្តិសុខ​សង្គម កម្មករ និង​កម្មការិនី​រោងចក្រ​ម៉ៅការ​បន្ត មិន​ទទួល​បាន​ផលប្រយោជន៍​ទាំង​អស់​នេះ​ទេ​។ លោកស្រី ភាណ សោភ័ណ នាយិកា​នៃ​អង្គការ​អុកស្វាម (OXFAM) ប្រចាំ​កម្ពុជា​លើក​ឡើង​បែប​នេះ នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ ស្ដីពី កិច្ច​សន្ទនា​គោល​នយោបាយ និង​ផ្សព្វផ្សាយ​របាយការណ៍ ការ​ទទួល​បាន​ការងារ​សមរម្យ និង​របប​សន្តិសុខ​សង្គម​ក្នុង​ចំណោម​កម្មករ កម្មការិនី​រោងចក្រ​ម៉ៅការ​ដេរ​បន្ត នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ ២០២៤ នៅ​សណ្ឋាគារ​កាំបូឌីយ៉ា​។

លោកស្រី ភាណ សោភ័ណ នាយិកា​នៃ​អង្គការ​អុកស្វាម (OXFAM) ប្រចាំ​កម្ពុជា​

លោកស្រី​បន្ថែម​ថា ផ្នែក​សំខាន់​មួយ​ទៀត​នោះ គឺ​ភាព​ជា​តំណាង និង​ការ​ចងក្រង​ជា​ក្រុម ឬ​សហជីព ពុំ​មាន​ឡើយ​សម្រាប់​កម្មករ​កម្មការិនី​នៃ​រោងចក្រ​ម៉ៅការ​ដេរ​បន្ត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ខកខាន​មិន​បាន​ទទួល​ព័ត៌មាន និង​ការ​ចូលរួម​ក្នុង​វេទិកា ឬ​កិច្ច​ប្រជុំ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការងារ​ដូច​ពួក​គាត់​។ ដូច្នេះ​ពួក​គាត់​កំពុង​បាត់បង់​សិទ្ធិ​របស់​ខ្លួន​។

ចំណែក​អ្នកស្រី គឹម លី អតីត​កម្មការិនី​ធ្វើ​ការ​ឲ្យ​រោងចក្រ​ម៉ៅការ​បន្ត លើក​ឡើង​ជា​មួយ​គ្នា​នេះ​ដែរ​ថា កម្មករ កម្មការិនី​ធ្វើ​ការ​ឲ្យ​រោងចក្រ​ម៉ៅការ​បន្ត មិន​មាន​ប័ណ្ណ ប. ស. ស. ទេ នៅ​ពេល​មាន​គ្រោះថ្នាក់​ការងារ រោងចក្រ​មិន​ទទួល​ខុសត្រូវ​លើ​ថ្លៃ​ព្យាបាល​ទេ ហើយ​ក៏​មិន​ទទួល​បាន​ការ​យកចិត្តទុកដាក់​ពី​ថៅកែ​ដែរ​។ ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង ប្រសិន​មិន​ធ្វើ​ទេ និង​មាន​ការ​កាត់​ប្រាក់​ឈ្នួល ទន្ទឹម​គ្នា​នឹង​ការ​បើក​ប្រាក់​ឈ្នួល​ក៏​មិន​ទៀងទាត់ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​មុខ​នឹង​ជីវភាព​ខ្វះខាត​។

នៅ​ពេល​ដែល​សួរ​ថា ហេតុ​អ្វី​បានជា​ពួក​គាត់​មិន​ព្រម​ចូល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ក្នុង​ប្រព័ន្ធ ដែល​បាន​ចុះ​បញ្ជី​? អ្នកស្រី គឹម លី បង្ហើប​ប្រាប់​ថា ដោយសារ​ការ​ទទួល​ព័ត៌មាន​អំពី​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​ការ​ឲ្យ​រោងចក្រ​ក្នុង​ប្រព័ន្ធ​ ដែល​គិត​កម្រៃ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ របស់​ពួក​គាត់​នៅ​មាន​កម្រិត និង​ទម្លាប់​របស់​ពួក​គាត់​ផង ទើប​ធ្វើ​ឲ្យ​ពួក​គាត់​គិត​ថា ការ​ធ្វើ​ការ​ឲ្យ​រោងចក្រ​ម៉ៅការ​ដេរ​បន្ត​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ជាង និង​ផ្គត់ផ្គង់​ជីវភាព​គាត់​បាន​ទាន់​ពេលវេលា ត្បិត​ការងារ​របៀប​នេះ អាច​បើក​ប្រាក់​កម្រៃ​គិត​ជា​ថ្ងៃ ឬ​សប្ដាហ៍ ឬ​ខែ​ក៏បាន​។

លោកស្រី ភាណ សោភ័ណ បញ្ជាក់​ថា រោងចក្រ​ម៉ៅការ​ដេរ​បន្ត នៅ​តែ​ដើរ​តួនាទី​សំខាន់​ក្នុង​វិស័យ​កាត់​ដេរ ដែល​វា​ជួយ​ដល់​រោងចក្រ​ធំៗ​ទៅ​តាម​ផ្នែក​ជំនាញ​នីមួយៗ​របស់​វា ព្រោះ​រោងចក្រ​តូចៗ​ដែល​ម៉ៅការ​ដេរ​បន្ត​នេះ បត់បែន​បាន​លឿន និង​មាន​ជំនាញ​ចំ​ចំណុច​តម្រូវការ​តែ​ម្ដង​។ ហើយ​កត្តា​ទាំង​នេះ មិន​អាច​កាត់​ផ្ដាច់​ពី​រោងចក្រ​ធំៗ​បាន​ទេ​។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​រាជរដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការ​សិក្សា ស្រាវជ្រាវ លើក​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មករ កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​ម៉ៅការ​ដេរ​បន្ត ទទួល​បាន​ការងារ​សមរម្យ និង​របប​សន្តិ​សុខ​សង្គម ដូច​នៅ​រោងចក្រ​ចុះ​បញ្ជី​ក្នុង​ប្រព័ន្ធ​ដែរ​។

ឯកឧត្ដម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

នៅ​ក្នុង​ឱកាស​កិច្ច​សន្ទនា​គោល​នយោបាយ និង​ផ្សព្វផ្សាយ​របាយការណ៍ ការ​ទទួល​បាន​ការងារ​សមរម្យ និង​របប​សន្តិសុខ​សង្គម​ក្នុង​ចំណោម​កម្មករ​នេះ​ដែរ កម្មការិនី​រោងចក្រ​ម៉ៅការ​ដេរ​បន្ត ឯកឧត្ដម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា កិច្ច​គាំពារ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​សសរស្ដម្ភ​ស្នូល​មួយ​នៃ​ការងារ​សមរម្យ បាន​រួម​បញ្ចូល​នូវ​គោល​នយោបាយ និង​កម្មវិធី​ជាតិ​សំខាន់ៗ​ជា​ច្រើន ក្នុង​ន័យ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ភាព​ងាយ​រងគ្រោះ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​។ ទោះបី​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ក៏ដោយ ប្រជាជន​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ដូចជា កង្វះ​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ​សុខភាព ការ​អប់រំ និង​របប​សន្តិសុខ​សង្គម​មាន​កម្រិត​។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ទាំង​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ជំនាញ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ កំពុង​ធ្វើ​ការ​ពង្រីក​វិធានការ​គាំពារ​សង្គម រួម​ទាំង​គម្រោង​ធានា​រ៉ាប់រង​សុខភាព​សាធារណៈ​ជា​សកល អត្ថប្រយោជន៍​មាតុភាព កម្មវិធី​ផ្ទេរ​សាច់​ប្រាក់​សម្រាប់​ក្រុម​គ្រួសារ​ងាយ​រងគ្រោះ និង​របប​ប្រាក់​សោធន​សម្រាប់​មនុស្ស​វ័យ​ចាស់​ជា​ដើម​។ គំនិត​ផ្ដួចផ្ដើម​ទាំង​នេះ​មាន​គោល​បំណង​លើក​កម្ពស់​សមធម៌​សង្គម លើក​កម្ពស់​ជីវភាព​រស់​នៅ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​អ្នក​ជួប​ការ​លំបាក​បំផុត​នៅ​កម្ពុជា​។

យោង​តាម​របាយការណ៍​ស្រាវជ្រាវ ចំណង​ជើង​ថា «​ការ​ទទួល​បាន​ការងារ​សមរម្យ និង​របប​សន្តិសុខ​សង្គម ក្នុង​ចំណោម​កម្មការិនី​រោងចក្រ​ម៉ៅការ​ដេរ​បន្ត នៅ​កម្ពុជា​» បាន​សិក្សា​លើ​កម្មករ​កម្មការិនី​កាត់​ដេរ​នៅ​រោងចក្រ​ម៉ៅការ​បន្ត ចំនួន​៦០៥​នាក់ ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ស្វាយរៀង​បាន​បង្ហាញ​ថា ក្នុង​ចំណោម​កម្មករ​ខាង​លើ មាន​១១​ភាគរយ មាន​កិច្ចសន្យា​ការងារ ជា​លាយលក្ខណ៍​អក្សរ​រយៈ​ពេល​៣​ទៅ​៦​ខែ ខណៈ​៨៩​ភាគរយ​ទៀត មាន​កិច្ចសន្យា​ការងារ ត្រឹម​រយៈ​ពេល​ខ្លី ឬ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ ពួក​គេ​ទាំង​នោះ បើក​ប្រាក់​មិន​ទៀងទាត់​ឡើយ គឺ​ត្រឹម​៣០​ភាគរយ​បើក​ប្រាក់​ប្រចាំ​ខែ ហើយ​៧០​ភាគរយ​បើក​ប្រាក់​ប្រចាំ​ថ្ងៃ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.