ព្រះសីហនុ៖ ជនសង្ស័យ០២នាក់ បានទាញប័ុងតោកាប់ប្លន់យកម៉ូតូមួយគ្រឿងទាំងថ្ងៃ នៅក្នុងខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១៧.៣០នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលបឹងកាឡូសុក្រិតឡែន ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះទាំងពីរនាក់ ទី១.ឈ្មោះ ចឹម ឈុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ គឺជាអ្នកបើកបររងរបួសក្បាលពីក្រោយចំនួន៥ថ្នេរ។ ទី០២.ឈ្មោះ ចឹម ឆើត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស អ្នករួមដំណើរត្រូវជាប្អូន(មិនមានរងរបួស) អ្នកទាំងពីរមានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក់ហុងដាឌ្រីមសង់C125 សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1K-7709 មករកគោនៅចំណុចជិតបឹងកាឡូ ពេលមកដល់ក៏ឃើញមានមនុស្សចំនួន០២នាក់ អាយុប្រហែល២០ឆ្នាំជាង ជិះម៉ូតូសេរីឆ្នាំ២០១៨ មិនស្គាល់ស្លាកលេខ ចូលបឹងកាឡូ រួចស្រែកហៅពួកគាត់ឱ្យឈប់ ហើយសួរគាត់ថាផ្លូវនេះទៅដល់ណាដែរ គាត់ពុំទាន់បានឆ្លើយផង ក្រុមជនសង្ស័យក៏យកកាំបិតតាំងតោ កាប់ត្រូវក្បាលចំពីរខាងក្រោយ រួចហើយក៏ជិះម៉ូតូរបស់គាត់ចេញតែម្តង ដែលមានទិសដៅទៅផ្លូវជាតិលេខ៤ ឆ្ពោះមកក្រុងព្រះសីហនុ ។

ភ្លាមៗក្រោយពេលកើតហេតុជនរងគ្រោះម្នាក់បានរងរបួសបែកក្បាល ហើយត្រូវបាន បញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ស្វែករងមុខសញ្ញាជនសង្ស័យ ដើម្បីនាំមកចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ឈុន គឹមហៃ

Share.