ភ្នំពេញ ៖ ក្នុងរយៈពេល ៦ថ្ងៃ មកនេះ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅភូមិសាស្រ្តរាជធានីខេត្តចំនួន ២២ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងមូលដ្ឋានយ៉ាងសកម្ម ស្របនឹងការអនុវត្តគោលនយោបាយ ជាតិស្តីពី ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងនោះមានជនសង្ស័យចំនួន ៣៧០នាក់ ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ)។

សូមចុចអាន៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបដិសេធការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការដោះលែងឧកញ៉ាដែលបានបាញ់សម្លាប់គូដណ្តឹងមួយគូកាលពីពេលថ្មីៗនេះ

៦ថ្ងៃឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនបានជាង ៣០០នាក់


អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ក្នុងរយៈពេល ៦ថ្ងៃកន្លងទៅនេះ ក្រៅពីការបង្ក្រាបក្មេងទំនើងជាប្រចាំថ្ងៃ នគរបាលបានប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសបទល្មើសគ្រឿងញៀនយ៉ាងសកម្មជាប្រចាំ ក្នុងនោះ សមត្ថកិច្ចក្របខណ្ឌក្រសួងនៅក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន២២ និងមន្ទីរគ្រឿងញៀនចំនួន ១មន្ទីរ បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ១៥០ករណី និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៣៧០នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ភាគច្រើនករណីជួញដូរនិងការប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាញតូចតាចទាំង១៥០ករណី នៅភូមិសាស្រ្តរាជធានីខេត្តចំនួន ២២ នោះ រួមមាន រាជធានីភ្នំពេញបានបង្ក្រាប៣៨ករណី ឃាត់ខ្លួន៧៣នាក់ ព្រះសីហនុមាន២៧ករណី ឃាត់ខ្លួន៧៣នាក់ សៀមរាបមាន៦ករណី ឃាត់ខ្លួន៤៧នាក់ បាត់ដំបងមាន១១ករណី ឃាត់ខ្លួន២៤នាក់ កំពង់ធំមាន៤ករណី ឃាត់ខ្លួន២០នាក់ មន្ទីរគ្រឿងញៀនបានបង្ក្រាប៥ករណី ឃាត់ខ្លួន២០នាក់ ពោធិ៍សាត់៩ករណី ឃាត់ខ្លួន១៨នាក់ ព្រៃវែងមាន៦ករណី ឃាត់ខ្លួន១៥នាក់ កណ្តាលមាន៩ករណី ឃាត់ខ្លួន១៣នាក់ តាកែវ៤ករណី ១០នាក់ កំពត៤ករណី ឃាត់ខ្លួន១០នាក់ កំពង់ចាម៥ករណីឃាត់ខ្លួន៨នាក់ ត្បូងឃ្មុំ៣ករណី ឃាត់ខ្លួន៨នាក់ កំពង់ស្ពឺ៥ករណី ៧នាក់ កំពង់ឆ្នាំង៤ករណី ៧នាក់ ឧត្តរមានជ័យ៣ករណី ៤នាក់ កែប១ករណី ៣នាក់ មណ្ឌលគិរី១ករណី ៣នាក់ ស្វាយរៀង១ករណី១នាក់ និងរតនគិរី១ករណី ១នាក់។

លោក ទូច សុឃៈ (សុខៈ) បានមានប្រសាសន៍បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នេះគឺជាការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាភារកិច្ចស្នូលរបស់ក្រសួងមហាផ្ទៃ ស្របគោលការណ៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្រកាសជាឱឡារិក ដាក់ការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានេះ ជាកិច្ចការអាទិភាពមួយ ក្នុងចំណោមអាទិភាព ៦ចំណុច ដែលត្រូវធានាអនុវត្តឱ្យបានជោគជ័យនិងប្រកបដោយប្រសិទ្ធភាព ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះការងារបង្ក្រាបបទល្មើសគ្រឿងញៀន ក្រៅពីការបង្ក្រាបក្មេងទំនើង និងបទល្មើសនានា ដើម្បីធានាសន្តិសុខ សុវត្ថិភាពបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋាននៅទូទាំងប្រទេស៕

ដោយ ៖ រឿន ភារុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យ

Share.