ក្រុមកីឡាអេឡិចត្រូនិក See You Soon ផ្នែកបុរស ដែល​ជាក្រុមកីឡាករជម្រើសជាតិកម្ពុជា Angkor Warriors បាន​បញ្ចប់​បេសកកម្មក្នុងការប្រកួតជម្រុះតំបន់អាស៊ីអាគ្នេយ៍ ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ វិញ្ញាសា Mobile Legends: Bang Bang ត្រឹមវគ្គ Semi Final បន្ទាប់ពីចាញ់ម៉ាឡេស៊ី ក្នុងលទ្ធផល ២ ទល់នឹង ១។

ក្នុង​ការប្រកួត​វគ្គជម្រុះ GROUP STAGE ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា See You Soon ផ្នែកបុរស ធ្វើ​បាន​ល្អ​ និង​មាន​កៅអី​ឡើង​ទៅ​កាន់​វគ្គPlayoff ក្នុង​ការ​ប្រកួតជម្រុះតំបន់អាស៊ី ដោយ​ត្រូវ​បន្ត​ជួប​ក្រុម​តំណាង​មក​ពី​ប្រទេស​ម៉ាឡេស៊ី។

ឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុ ពូល A របស់ក្រុមកីឡាករជម្រើសជាតិកម្ពុជា Angkor Warriors 🇰🇭 វិញ្ញាសា Mobile Legends: Bang Bang ផ្នែកបុរស យើងទទួលបានលទ្ធផលឈ្នះ៣ និងចាញ់១ ដោយមាន ៩ ពិន្ទុ ឈរលេខរៀងទី២។ ដោយឡែក​សម្រាប់​លទ្ធផលនៅវគ្គ Semi Final ក្រុមកម្ពុជា បាន​បរាជ័យ​ក្រោម​ថ្វីដៃរបស់​ក្រុម​មកពី​ម៉ាឡេស៊ី ក្នុង​លទ្ធផល ២-១ កាល​ពី​ល្ងាច​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

រំលឹក​ថា ក្រុម See You Soon តំណាងឲ្យកម្ពុជា ក្នុង​នាមជាក្រុមអ្នកចម្បាំងអង្គរ (Angkor Warriors) ទៅ​ចូលរួមប្រកួតជម្រុះតំបន់អាស៊ី ដើម្បីស្វែងរកកៅអីទៅកាន់ការប្រកួតកីឡា​អេឡិច​ត្រូនិក​ពិភព​លោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) វិញ្ញាសា Mobile Legend: Bang Bang នៅរាជធានីរីយ៉ាត ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ស្របតាមការយកចិត្តទុកដាក់របស់សហ័ន្ធកីឡាអេឡិចត្រូនិកពីភពលោក ចំពោះ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​អេកូ​កីឡា IESF និងសហព័ន្ធកីឡាអេឡិចត្រូនិកអារ៉ាប៊ីសាអូឌីត ដែល​គ្រោង​នឹង​ដាក់​ប្រាក់​រង្វាន់សរុប​ចំនួន ១លានដុល្លារអាមេរិក ($1.000.000) ។ ការ​បង្កើន​ប្រាក់​រង្វាន់​នេះ​គឺ​ដើម្បីលើក​កម្ពស់​ស្មារតី​នៃការរួបរួមប្រកួត​ប្រជែង​បី​បណ្ដាល​ប្រទេស​ដែល​ជា​សមាជិត ​កាន់​តែខ្លាំង​ក្នុងចំណោមអត្តពលិកទាំង​អស់​។

គួរ​ដឹង​ថា សម្រាប់​ប្រាក់​រង្វាន់​ជើង​ឯកពិភពលោក​នេះ បានកើនឡើង ១០ដងចាប់តាំងពី​ការ​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ២០២១ ហើយ​នឹង​បន្ត​កើនឡើងជាបន្តបន្ទាប់នាពេលអនាគត។ សម្រាប់​ការ​ប្រកួត​ជើងឯកពិភពលោកកីឡា Esports ដែលគ្រោក​នឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ា​ប៊ីសាអូឌីត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤៕

Share.