កំពង់ចាម៖ គម្រោងផ្លូវបេតុងអាមេ១ខ្សែប្រវែង៨៥ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្រាស់១តឹកកន្លះ ត្រូវបានប្រកាសដាក់ឲ្យដេញថ្ងៃជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលាឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

កិច្ចលទ្ឋកម្មប្រដោយភាពជោគជ័យ ក្នុងនោះមានក្រុមហ៊ុនចំនួន៤ បានចូលរួមប្រកួតប្រជែងដើម្បីដណ្តើមយកភាពស្របក្នុងការកសាងផ្លូវនេះ ។ ភាពចាស់ទុំប្រកបដោយបទពិសោធន៍របស់អ្នកទទួលការទាំង៤ក្រុមហ៊ុន កាន់សំណើដាក់ចូលប្រអប់ធុងរបស់ឃុំ ជាមួយកាយវិការល្គងល្គាយទន់ភ្លន់ មិនរញ៉េរញ៉ៃ ក្រោមកិច្ចរៀបចំ និងមានការណែនាំពីគណៈកម្មការលទ្ធកម្ម រដ្ឋបាលស្រុក ខេត្ត យ៉ាងល្អប្រសើរ។ 

លោក ទុន ស៊ាង គណៈកម្មការលទ្ធកម្មឃុំបានថ្លែងថា គណៈកម្មការលទ្ធកម្មបានផ្តល់ឱកាសស្មើៗគ្នា ដល់អ្នកទទួលការដើម្បីចូលរួមនៅក្នុងដំណើរការដេញថ្លៃក្រោមលក្ខខណ្ឌត្រឹមត្រូវ និងស្មើភាពគ្នា ជ្រើសរើសអ្នកទទួលការជាសាធារណៈតាមរយៈការប្រកួតប្រជែងមានលក្ខណៈត្រឹមត្រូវ និងយុត្តិធម៌ ។ អ្នកទទួលការណាដែលដាក់តម្លៃទាបជាងគេ ធានាបាននូវគុណភាព និងនិរន្តរភាពគម្រោង ត្រូវបានទៅក្រុមហ៊ុននោះ ។ ក្នុងកិច្ចលទ្ធកម្មនេះ ក្រុមហ៊ុនប្រកួតប្រជែងមានចំនួន៤ ហើយក្រុមហ៊ុនដែលទទួលបានសិទ្ធិកសាងផ្លូវបេតុង១ខ្សែនេះ គឺបានទៅក្រុមហ៊ុន ហួត ឆៃលីម ។ ក្នុងតម្លៃប៉ាន់ស្មាន ជាង៤៧លានរៀល ដេញបានតម្លៃជាង៤៥លានរៀល ។ 

លោក វ៉ា វ៉ាន់ថេន ប្រធានបច្ចេកទេសស្រុកស្ទឹងត្រង់ បានបញ្ជាក់ដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិកសាងផ្លូវនេះត្រូវចុះកិច្ចកុងត្រានៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាឃុំដើម្បីអនុវត្តន៍គម្រោង ។ គ្រប់យ៉ាងត្រូវអនុវត្តន៍តាមកិច្ចកុងត្រា ព្រោះផ្លូវធ្វើរួច ត្រូវមានការត្រួតពិនិត្យពីខាងបច្ចេកទេស គណៈកម្មការលទ្ធកម្ម និងប្រជាពលរដ្ឋផងដែរ ដូច្នេះក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ ដើម្បីធានាគុណភាពផ្លូវ ជៀសវាងមានបញ្ហា៕អត្ថបទ៖អាចារ្យលាក់

https://troryorng.com/
Share.