ភ្នំពេញ៖ នៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធសកម្មភាពប្រើប្រាស់ អាវុធដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ដោយសារចង់បញ្ជាក់អំពីក្បួនវេទមន្តខ្លាំងក្លា បង្ហាញដល់អ្នកដទៃមើលថាខ្លួនខ្លាំងពូកែ។

បន្ទាប់ពីឃើញការផ្សព្វផ្សាយពត៌មាននេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្គាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អាវុធ កាលពីនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា អាវុធខ្លីដែលខ្លួនយកមកបាញ់នោះ ម៉ាកlock ដែលលោករើសបាន ហើយបាញ់លើខ្លួនឯងចំនួន០៤គ្រាប់ ដើម្បីអួតអ្នកភូមិពីមហិទ្ធិប្ញទ្ធិខ្លាំងពូកែបាញ់មិនមុត ក្នុងពិធីឡើងអាស្រមបារមីនៅផ្ទះរបស់គាត់កាលពីខែមេសាឆ្នាំ២០២២ ។

លោកបន្តថា អាវុធខ្លីនោះបន្ទាប់ពីបាញ់រួច ក៏លោកបានយកទៅបោះចោល នៅក្នុងជ្រោះមួយកន្លែងក្នុងខេត្តក្រចេះ។ ក្រោយសួរនាំរួច នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ជនសង្ស័យត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖​ ចតុមុខ

Share.