សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីត យុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤នេះបានផ្ដល់ការណែនាំ ដល់ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងការរើសកម្លាំងថ្មីបំពេញបន្ថែម ត្រូវផ្ដល់ អាទិភាពដល់កូនចៅអតីតយុទ្ធជន អតីតកូនចៅប៉ូលីស និងអតីតកូនចៅអាវុធហត្ថ ផងដែរ។

ការណែនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ បានធ្វើឡើង ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្តេចបញ្ជាក់ថា ការផ្ដល់អាទិភាពនេះ មិនមែនមានន័យថា យុវជនដែលជាកូនចៅ ប្រជាពលរដ្ឋធម្មតាមិនមានឱកាសនោះទេ ពោលនៅតែអាចដាក់ពាក្យបានដូចគ្នា ហើយការផ្តល់អាទិភាពបែបនេះ ដើម្បីលើកទឹកចិត្តដល់អតីតយុទ្ធជន អតីតប៉ូលីស និងអតីតអាវុធហត្ថ តាមរយៈការផ្តល់ឱកាសឲ្យកូនចៅពួកគាត់បានបន្តវេនបម្រើជាតិ។

ក្នុងនោះសម្តេចបានរំលឹកដែរថា ពលិកម្មប្រកបដោយស្មារតី ស្នេហាជាតិរបស់ វីរអតីត យុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របាន រួម ចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី, ការកសាងសុខសន្តិភាព និង ស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និង ប្រជាជនកម្ពុជា។

យោងតាមរបាយការណ៍បង្ហាញថា បច្ចុប្បន្នអតីតយុទ្ធជនចំនួន ១០៩,០៣៤នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១៤៩,០៥៣នាក់ កំពុងទទួលប្រាក់របប សន្តិសុខសង្គមប្រចាំខែពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ៕

Share.