ការត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើកបរយានយន្ត អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ នៅពេលយប់ ហើយកម្លាំងសមត្ថកិច្ចចម្រុះនឹងបន្តការត្រួតពិនិត្យជាតិស្រវឹងដូចភ្លៀងរលឹមចំពោះអ្នកបើកបរនាពេលយប់ ទូទាំងប្រទេស ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញដែលមានចរាចរណ៍មមាញឹក។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សូមចុចអាន៖ ឧកញ៉ា លី យូគៀក បានប្រគល់សៀវភៅ «រៀនពីហ៊ុនសែនដើម្បីជោគជ័យ» ដែលនិពន្ធដោយបណ្ឌិត ទូច សុឃៈ ចំនួន២០០០ក្បាល ដល់កាកបាទក្រហមកម្ពុជា

ថ្លែងក្នុងសន្និសីទសារព័ត៌មានលើកទីពីរ ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើប្រធានបទការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបង្ហាញសុទ្ធិដ្ឋិនិយមចំពោះវិធានការតឹងបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់រាជធានី ខេត្ត ជាពិសេសគឺ នាពេលយប់ ដើម្បីជួយថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កាត់បន្ថយការរបួស និងការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសភាគច្រើន បានកើតឡើងនៅពេលយប់ ពោលគឺ៥៥ភាគរយ ដោយសារកត្តាបើកបរបញ្ជាយានយន្តក្នុងល្បឿនលឿន និងមានផ្ទុកជាតិស្រវឹងក្នុងខ្លួនអ្នកបើកបរបញ្ជាយានយន្តតែម្តង។ ផ្អែកកត្តានេះហើយដើម្បីការពារអាយុជីវិតអ្នកបើកបរ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ឧត្តមសេនីយ៍ឯកអគ្គស្នងរង បានមានប្រសាសន៍បញ្ជាក់ថា កម្លាំងសមត្ថកិច្ចនឹងមិនដកថយក្នុងការត្រួតពិនិត្យជាតិស្រវឹងនៅទូទាំងប្រទេសឡើយ ជាពិសេសនៅក្នុងរាជធានី តាមភូមិសាស្រ្តទាំង១៤ខណ្ឌ ដោយសមត្ថកិច្ចបានដាក់កម្លាំងចម្រុះផ្លាស់ប្តូវេនគ្នា ដើម្បីអនុវត្តការត្រួតពិនិត្យចន្លោះពីម៉ោង ១០យប់រហូតដល់ម៉ោង៤ភ្លឺ។ ក្រៅពីជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ហើយ លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា ការត្រួតពិនិត្យពេលយប់នេះក៏ជួយកាត់បន្ថយបទល្មើសព្រហ្មទណ្ឌនៅរាជធានីភ្នំពេញ ពេលយប់ផងដែរ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖«ការត្រួតពិនិត្យគ្រឿងស្រវឹងពេលយប់នេះ បានជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិតជាង៥០ភាគរយ ដោយសារអ្នកបើកបរលឿន និងមានជាតិស្រវឹង ដូច្នេះយើងបន្តរឹងបន្តឹងការអនុវត្តបន្ថែមទៀតនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ»។

យោងតាមរបាយការណ៍ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបចំនួន១ ២៩៦ករណី ក្នុងនោះ៥៥ភាគរយកើតឡើងនៅពេលយប់។ បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ចំនួនអ្នកស្លាប់បានកើនឡើង៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈមូលហេតុនៃគ្រោះថ្នាក់ មាន៤០ភាគរយ កើតឡើងដោយសារបើកហួសល្បឿន មិនគោរពសិទ្ធិអាទិភាពមាន២៤ភាគរយ មិនប្រកាន់ស្ដាំ៩ភាគរយ និងមិនប្រយ័ត្ន៨ភាគរយ។

គួរបញ្ជាក់ថា បញ្ហាចរាចរណ៍ស្ថិតក្នុងចំណោមអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត៕

ប្រភព៖ ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Share.