ថ្លែងក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើប្រធានបទ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានមានប្រសាសន៍ថា បច្ចុប្បន្នមានគ្រឹះស្ថានសិក្សារដ្ឋជាច្រើនហើយបានអនុវត្តវិធានការវិន័យនិងអប់រំឱ្យសិស្សគោរពច្បាប់ចរាចរណ៍ ពិសេសការពាក់មួកសុវត្ថិភាពពេលធ្វើណើរមកសាលារៀន ប៉ុន្តែនៅមិនទាន់ទូលំទូលាយនៅឡើយទេ។ បើតាមលោកឧត្តមសេនីយ៍ឯក ទន្ទឹមនឹងមន្រ្តីអនុវត្តច្បាប់ សាលារៀន អាណាព្យាបាល និងសិស្សានុសិស្សត្រូវមានស្មារតីរួមមួយ ក្នុងការយកចិត្តទុកដាក់បណ្ដុះទម្លាប់គោរពច្បាប់ដើម្បីសុវត្ថិភាព។

សូមចុចអាន៖ ការត្រួតពិនិត្យជាតិស្រវឹងពេលយប់ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ សមត្ថកិច្ចនឹងអនុវត្តមិនដកថយ!

លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ទៀតថា «មានសាលារៀនច្រើនហើយបានអប់រំឱ្យសិស្សចាប់ពីកុមារទៅចេះគោរពច្បាប់ចរាចរណ៍ ដូចជាការពាក់មួកសុវត្ថិភាព សីលធម៌បើកបរ និងរបៀបដើរឆ្លងផ្លូវជាដើម ប៉ុន្តែបញ្ហានេះមិនទាន់ធ្វើបានទូលំទូលាយ។ នេះជាបញ្ហាទាំងអស់គ្នា ទាំងយើងជាអ្នកអនុវត្តច្បាប់ សាលារៀន ឪពុកម្ដាយ គឺត្រូវចូលរួមចំណែក។ យើងឃើញក្មេងៗជិះកង់ពេញផ្លូវ យើងបារម្ភណាស់ មិនទាន់គិតម៉ូតូ និងកង់អាគុយផង ព្រោះគាត់មិនសូវចាប់អារម្មណ៍ប្រុងប្រយ័ត្ន។ ដូច្នេះខ្ញុំស្នើសាលារៀន ជួយណែនាំឪពុកម្ដាយសិស្សានុស្សិស ឱ្យគាត់ទិញមួកសុវត្ថិភាពឱ្យកូន ហើយជំរុញឱ្យពួកគេពាក់ឱ្យបានត្រឹមត្រូវ»។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បាននឹងកំពុងដាក់បញ្ចូលជាបន្តបន្ទាប់ នូវមេរៀនពាក់ព័ន្ធនឹងការលើកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកផងដែរ។ ចំណែកក្រសួងមហាផ្ទៃ ទន្ទឹងនឹងទទួលខុសត្រូវលើការងារជំរុញ និងអនុវត្តច្បាប់ នៅនីតិកាលទី៧នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានព្រលយគំនិតផ្ដួចផ្ដើមក្នុងការរៀបចំសួនសុវត្ថិភាពចរាចរណ៍ ដើម្បីផ្ដល់ការអប់រំបន្ថែមដល់សាធារជន និងសិស្សានុសិស្សផងដែរ។

គួរកត់សម្គាល់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបចំនួន១ ២៩៦ករណី ក្នុងនោះ៥៥ភាគរយកើតឡើងនៅពេលយប់។ បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ចំនួនអ្នកស្លាប់បានកើនឡើង៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈមូលហេតុនៃគ្រោះថ្នាក់ មាន៤០ភាគរយ កើតឡើងដោយសារបើកហួសល្បឿន មិនគោរពសិទ្ធិអាទិភាពមាន២៤ភាគរយ មិនប្រកាន់ស្ដាំ៩ភាគរយ និងមិនប្រយ័ត្ន៨ភាគរយ។ បញ្ហាចរាចរណ៍ស្ថិតក្នុងចំណោមអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត៕

ប្រភព៖ ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Share.