បន្ទាប់ពីក្រសួង​ការបរទេស​អាមេរិក​បានចេញរបាយការណ៍មួយ​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត ​ពាក់ព័ន្ធ​នឹង​ការ​ចាត់​វិធាន​ការ​លុប​បំបាត់ឬទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ(សុខៈ)នៅព្រឹកថ្ងៃទី២៨ខែមិថុនា ឆ្នាំ ២០២៤នេះ បានចាត់ទុករបាយការណ៍ នោះថា  គ្រាន់តែជា របាយការណ៍នយោបាយ បម្រើរបៀបវារៈនយោបាយ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការដាក់ចំណាត់ថ្នាក់មកលើកម្ពុជាពីសំណាក់ សហរដ្ឋអាមេរិកមិនមែនជារឿងថ្មីនោះឡើយ។លោកថា ការដាក់ចំណាត់ថ្នាក់ក៏ដូចជាការវាយតម្លៃអំពីស្ថានភាពនៃការការជួញដូរមនុស្សនៅកម្ពុជា នោះ ជាការវាយតម្លៃដោយពុំមានសុក្រឹត្យភាពនិងពុំមានព័ត៌មានគ្រប់ជ្រុងជ្រោយ។ លោកស្នើឲ្យអ្នកចេញរបាយការណ៍នោះពិនិត្យមើលឡើងវិញដើម្បីឲ្យរបាយការណ៍របស់ខ្លួនមានក្រឹត្យភាពនិងមានគុណតម្លៃធ្វើឲ្យរបាយការណ៍របស់ខ្លួនមានការទទួលស្គាល់។

ជាមួយគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ ក៏បានបញ្ជាក់ដែរថា កម្ពុជាមិនព្រងើយកន្តើយក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនោះឡើយ។ ជាក់ស្តែងលោកថា នៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​តែងតែចង្អុលដឹកនាំជាប្រចាំឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធតាមដានស្ថានភាពនៃអំពើជួញដូរមនុស្សជាប្រចាំដើម្បីដាក់ចេញនូវ យន្តការនានាក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលា។

ក្រៅពីនេះ លោកថា ក្នុងជំនួបសវនាការជាមួយបណ្តាអង្គទូតនានានាពេលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងជាបន្តបន្ទាប់អំពីយន្តការក្នុង ប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្សនេះក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាលក្ខណៈ  អន្តរជាតិជាមួយនឹងបណ្តាប្រទេសដែលកម្ពុជាមានទំនាក់ទំនងការទូតផងដែរ។

យោងតាម របាយការណ៍​ស្តី​ពី​ការជួញដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត ​ពាក់ព័ន្ធ​នឹង​ការ​ចាត់​វិធាន​ការ​លុប​បំបាត់ឬទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ ដែល​នាំឱ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កម្រិត ​៣ ឬ Tier 3។ កម្រិត​បី ​(Tier 3)​ មានន័យ​ថា ​រដ្ឋាភិបាល​ម្ចាស់​ប្រទេស​មិន​បាន​ប្រឹង​ប្រែងជា​ដុំ​កំភួន និង​តាម​បទ​ដ្ឋាន​ដូច​មាន​ចែង​នៅក្នុ​ង​ច្បាប់​ស្ដីពី​ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ (TVPA) កម្រិត​ពីរ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​ (Tier 2 Watch List) បាន​សេចក្ដី​ថា​ទោះ​រដ្ឋាភិបាល​ម្ចាស់​ប្រទេស​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ តែ​មិន​ទាន់​បាន​បំពេញ​គ្រប់​និយាម​អប្បបរមា​ដែល​មាន​ចែង​ក្នុង​និយាម​អប្បបរមា​អំពី​ការ​ជួញ​ដូរ​មនុស្ស ហើយ​ចំនួន​ជន​រងគ្រោះ​នៅ​តែ​ច្រើន ខណៈ​រដ្ឋាភិបាល​មិន​ទាន់​ខិត​ខំ​ដល់​កម្រិត និង​មិន​បង្ហាញ​ភស្ដុតាង​ជា​តឹកតាង​គ្រប់គ្រាន់​ថា​ខ្លួន​បាន​ព្យាយាម។

របាយការណ៍ក្រសួង​ការបរទេស​សហរដ្ឋអាមេរិកដដែល​បានបង្ហាញ​ទៀត​ថា ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ខ្លះ​ជាម្ចាស់​ ឬមានសកម្មភាព​ដោយផ្ទាល់​ តាមរយៈ​អាជីវកម្ម​នានា ដូចជា​នៅ​តាម​ទីតាំង​អគារ​ និង​ទីកន្លែង​ផ្សេងៗ​ដែល​ត្រូវ​បាន​ប្រើប្រាស់ ដោយ​ពួក​ប្រតិបត្តិករ​សកម្មភាព​ឆបោក​អនឡាញ ឬហៅ​ថា ​Scam ដើម្បី​កេង​ប្រវ័ញ្ច​ជន​រង​គ្រោះ​ក្នុង​អំពើ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ ហើយ​មន្ត្រីទាំង​នោះ​បាន​ទទួល​អត្ថ​ប្រយោជន៍​ហិរញ្ញវត្ថុ​ពី​សកម្មភាព​ឧក្រិដ្ឋ​ទាំង​នោះ។ 

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិតទូច សុឃៈបានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់បង្ក្រាបទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់តាំងពីនៅក្នុងអាណត្តិដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង។ ជាមួយគ្នានេះ ក្រសួងនៅក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ក៏បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបបានយ៉ាង មានប្រសិទ្ធភាពដោយបានឈានទៅរំដោះបានជនរងគ្រោះជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយលោកថា អំពើឆបោកតាមអនឡាញនេះ គឺជាបទល្មើសអន្តរជាតិ ដូច្នេះទាមទារឲ្យមានកិច្ចសហការជាលក្ខណៈសកល៕

Share.