សម្តេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជួរមន្ត្រី គណបក្សនៅគ្រប់ថ្នាក់ ប្រកបដោយភាពរឹងមាំ និងស្អាតស្អំ គឺជាកត្តាសំខាន់ជាគន្លឹះនៃ ជ័យជម្នះព្រោះថាមន្ត្រីគណបក្សជាស្ពានតភ្ជាប់រវាងគណបក្សជាមួយប្រជាជន កម្លាំង ដឹកនាំ ជាកម្លាំងជំរុញ និងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស។ ដូច្នេះ គណបក្ស ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំពាក់បំប៉នជួរមន្ត្រីគណបក្ស ទាំងសម្រាប់រយៈពេលបច្ចុប្បន្ន និងសម្រាប់រយៈពេលយូរអង្វែង ដើម្បីធានាការលើកកម្ពស់ សមត្ថភាពឥតឈប់ឈរទាំងខាងនយោបាយ និងមុខជំនាញ ព្រមទាំងគុណធម៌ អត្តចរិត និងសីលធម៌ ឱ្យទទួលបាននូវការស្រឡាញ់ និងគាំទ្រពីប្រជាជន។

ក្នុងន័យនេះ សម្តេចបានបានអំពាវនាវដល់មន្រ្តីគណបក្សទាំងក្នុង និងក្រៅប្រទេសត្រូវ ឱ្យបម្រើ ប្រជាជនដោយស្មោះ ដោយលើកឡើងថា «យើងជាអ្នកបម្រើប្រជាជនមិនមែន ជាចៅហ្វាយរបស់ប្រជាជនឡើយ»។

ការថ្លែង របស់សម្តេចតេជោ ហ៊ុន សែននេះ បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេច អញ្ជើញជាអធិបតីពិធីប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកប្រជាជនគឺជាកត្តាសម្រេចនៃជ័យជម្នះរបស់ គណបក្ស នៅគ្រប់កាលៈទេសៈ ទាំងក្នុងដំណាក់កាលតស៊ូរំដោះជាតិ ក៏ដូចនៅ ក្នុង ដំណាក់កាលនៃការកាន់អំណាចដឹកនាំប្រទេសរបស់គណបក្ស។ បើប្រជាជនមិនគាំទ្រ មិនចូលរួម មិនជឿលើការដឹកនាំរបស់គណបក្ស នោះគឺគ្មានភារកិច្ចណាដែលគណបក្ស អាចសម្រេចបានឡើយ។

សម្ដេចបញ្ជាក់ដែរថា  នយោបាយរបស់គណបក្ស មិនឆ្វេង មិនស្តាំ មិនបាត់ម្ចាស់ការ គឺមានភាពប្រាកដជាក់ស្តែង ទោះត្រូវប្រឈមទៅនឹងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បើគ្មានភាពត្រឹមត្រូវខាងនយោបាយ ការដឹកនាំនឹងត្រូវបរាជ័យជាមិនខាន។  

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍ដ៏បរិសុទ្ធរបស់ប្រជាជន ជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ និងបានដឹកនាំប្រជាជនឆ្លងកាត់ពេលវេលាដ៏សែនលំបាកបំផុត ឈានពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ ដែលមានអត្ថន័យយ៉ាងធំធេងចំពោះការឋិតថេរគង់វង្ស និងការរីកចម្រើនរបស់ជាតិ៕

Share.