ភ្នំពេញៈ តាមការបញ្ជាក់របស់លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៤នេះថា ជនសង្ស័យគ្រូផេះគ្រូអង្កាម ត្រូវបានតំណាងអយ្យការចោទប្រកាន់ ពីបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថានៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធសកម្មភាពប្រើប្រាស់អាវុធដើម្បីយកមក.បា:ញ់ .ខ្លួនឯងផ្ទាល់ ដោយសារចង់បញ្ជាក់អំពីក្បួនវេទនម្តខ្លាំងក្លាបង្ហាញដល់អ្នកដទៃមើលថាខ្លួនពូកែ ។

បន្ទាប់ពីឃើញការផ្សព្វផ្សាយពត៌មាននេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្គាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អាវុ.ធក្រោយពីកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅសាកសួរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យដើម្បីអនុវត្តតាមផ្លូវច្បាប់ ជាមួយគ្នានោះបើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យគឺអាវុធខ្លីនោះគាត់រើសបាន ជាប្រភេទអាវុធខ្លីម៉ាកlock ហើយគាត់ប្រើប្រាស់បា,ញ់ មកលើខ្លួនឯងចំនួន០៤គ្រាប់ដើម្បីអួតអ្នកភូមិពីមហិទ្ធិប្ញទ្ធិខ្លាំងពូកែបាញ់មិនមុត ក្នុងពិធីឡើងអាស្រមបារមីនៅផ្ទះរបស់គាត់កាលពីខែមេសាឆ្នាំ២០២២ ។ ចំពោះកាំភ្លើងដែលខ្លួនយកមកបាញ់នោះ បន្ទាប់ពីបាញ់រួច គាត់យកទៅបោះចោលនៅក្នុងជ្រោះមួយកន្លែងក្នុងខេត្តក្រចេះ។ជនសង្ស័យនៅព្រឹកថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ចតុមុខ

Share.